ក្រុមហ៊ុន Netflix គ្រោងនឹងបញ្ចេញខ្សែភាពយន្តប្រមាណជាជាង 70 សម្រាប់ឆ្នាំ២០២២ នេះ

ដូចកាលពីឆ្នាំមុនដែរ ក្រុមហ៊ុន Netflix នឹងនៅតែបន្តដាក់បញ្ចេញខ្សែភាពយន្តរបស់ខ្លួន ឱ្យបានយ៉ាងហោចណាស់មួយខ្សែភាពយន្តក្នុងមួយអាទិត្យ សម្រាប់ឆ្នាំ២០២២ នេះ។ ឥឡូវនេះ បើយោងតាមវីដេអូ Teaser Trailer ដែលបង្ហោះដោយក្រុមហ៊ុន Netflix ផ្ទាល់បានបង្ហាញថា នៅក្នុងឆ្នាំ២០២២ នេះ ក្រុមហ៊ុន Netflix នឹងធ្វើការដាក់បញ្ចេញខ្សែភាពយន្តប្រមាណជាជាង 70 នៅលើកម្មវិធី ក៏ដូចជាសេវាកម្មស្ទ្រីមខ្សែភាពយន្ត Netflix របស់ខ្លួន។

វីដេអូ Teaser បង្ហាញពី Trailer ខ្លីៗដែលមានរយៈពេលបីនាទីខាងលើ បានបង្ហាញពីឈុតខ្លីៗរបស់ខ្សែភាពយន្តដែលគ្រោងនឹងដាក់បញ្ចាំងនាពេលខាងមុខមួយចំនួន ដែលមានដូចជា ខ្សែភាពយន្តរឿង Knives Out 2 ដែលជាប្រភេទខ្សែភាពយន្តបែបកំប្លែង-អាថ៌កំបាំងមួយ ដែលបន្តពីរឿង Knives Out ដែលចេញកាលពីឆ្នាំ២០១៩, រឿង Enola Holmes 2, រឿង Slumberland ដែលដើរតួសម្តែងដោយតារាសម្តែង Jason Momoa ដែលជាតួអង្គពាក់កណ្តាលមនុស្ស និងពាក់កណ្តាលសត្វ, និងការបញ្ចប់នូវខ្សែភាពយន្តរឿង Pinocchio របស់អ្នកដឹកនាំ Guillermo del Toro។

បន្ថែមពីនេះ អ្នកក៏អាចធ្វើការទស្សនាខ្សែភាពយន្តបែបរន្ធត់ដែលចំណាយថវិការច្រើន គឺរឿង The Grey ដែលដឹកនាំសម្តែងដោយអ្នកដឹកនាំរឿង Avengers: Endgame ពីលោក Joe និង Anthony Russo ផងដែរ។

ក្នុងចំណោមខ្សែភាពយន្តជាង 70 នោះយើងអាចរំពឹងបានថា អាចនឹងមានវត្តមានរបស់ផលិតករខ្សែភាពយន្តល្បីៗមួយចំនួនដែលមានលោក Judd Apatow, Noah Baumbach, Niki Caro, Sally El Hosaini, Louis Leterrier, Richard Linklater, Tyler Perry ក៏ដូចជាការដឹកនាំរឿងដំបូងបង្អស់របស់លោក Dev Patel ផងដែរ៕


ប្រភព÷ Engadget

Post a Comment

To Top