ក្រុមហ៊ុន Meta និយាយថា ខ្លួនអាចនឹងត្រូវបង្ខំចិត្តបិទកម្មវិធី Facebook និង Instagram នៅសហភាពអឺរ៉ុប
ច្បាប់ថ្មីរបស់សហភាពអឺរ៉ុបបានចែងថា គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានក៏ដូចជាកំពុងរក្សាទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ ត្រូវតែតម្រូវឱ្យរក្សាទុកទិន្នន័យទាំងអស់នោះនៅក្នុង Servers របស់សហភាពអឺរ៉ុបវិញ។
នាពេលបច្ចុប្បន្ននេះ ទិន្នន័យរបស់កម្មវិធី Facebook និង Instagram ត្រូវបានរក្សាទុកនៅក្នុង Servers របស់សហរដ្ឋអាមេរិកផង និងសហភាពអឺរ៉ុបផង ដែលវាបានផ្តល់នូវសារសំខាន់ដល់កម្មវិធីទាំងពីរក្នុងការកំណត់គោលដៅផ្សាយពាណិជ្ជកម្ម និងអាជីវកម្មដែលដំណើរការលើកម្មវិធីទាំងពីរនោះ។
នៅក្នុងរបាយការណ៍ដែលបានដាក់ជូនទៅកាន់គណៈកម្មការមូលបត្រ (Securities and Exchange Commission) ក្រុមហ៊ុន Meta បាននិយាយថា បើសិនជាខ្លួនមិនគោរពតាមបទប្បញ្ញត្តិថ្មីរបស់ EU នោះសហភាពនឹងបញ្ឈប់មិនឱ្យមានដំណើរការកម្មវិធី Facebook និង Instagram នៅក្នុងសហភាពអឺរ៉ុបនោះទេ។
លោក Nick Clegg ដែលជាអនុប្រធានផ្នែកកិច្ចការសកលរបស់ក្រុមហ៊ុន Meta បានអះអាងថា ការធ្វើដូច្នេះ អាចនឹងបង្កឱ្យមានផលប៉ះពាល់ទៅដល់អាជីវកម្មជាច្រើននៅក្នុងសហភាពអឺរ៉ុប ដែលតែងតែពឹងផ្អែកលើសេវាកម្ម ឬ ការផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន ក៏ដូចជាកម្មវិធីទាំងពីរនេះ។
របាយការណ៍ស្តីពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Meta ដែលបានចេញកាលពីសប្តាហ៍មុនបានបង្ហាញថា ភាគហ៊ុនរបស់ក្រុមហ៊ុន Meta ប្រមាណជាជាង ២៥% ត្រូវបានធ្លាក់ចុះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានបាត់បង់អ្នកប្រើប្រាស់ដែលសកម្មប្រចាំថ្ងៃជាលើកដំបូង ដែលពុំធ្លាប់មានពីមុនមកសម្រាប់ក្រុមហ៊ុនរបស់ខ្លួន៕
ប្រភព÷ GSMArena




Post a Comment