ឥឡូវនេះ អ្នកអាចធ្វើការបែងចែកការបង់ប្រាក់តាមរយៈកម្មវិធី Messenger បានហើយ
កាលពីឆ្នាំទៅ យើងធ្លាប់ទទួលបាននូវព័ត៌មានអំពីមុខងារបែងចែកការបង់ប្រាក់នៅក្នុងកម្មវិធី Messenger ដោយនៅពេលនោះ ក្រុមហ៊ុន Facebook បានទើបតែដាក់ឱ្យដំណើរការនូវជំនាន់សាកល្បងនៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។
បើសិនជាអ្នក ឬ មិត្តភក្តិរបស់អ្នកប្រើប្រាស់នូវមុខងារបែងចែកការបង់ប្រាក់ ឬ វិក្ក័យបត្រថ្មីនៅក្នុងកម្មវិធី Messenger នោះកម្មវិធីមួយនេះ នឹងតម្រូវឱ្យអ្នកធ្វើការភ្ជាប់កាតឥណទាន ឬ ប័ណ្ណឥណពន្ធ (Debit or Credit card) ឬក៏ភ្ជាប់ជាមួយនឹងគណនី PayPal ដើម្បីវាអាចធ្វើការផ្ទេរប្រាក់នៅពេលដែលអ្នក ឬ មិត្តភក្តិរបស់អ្នកចូលរួមចំណែកនៅក្នុងការបង់ប្រាក់។
ដូចទៅនឹងអត្ថបទមុនអញ្ចឹងដែរ ដើម្បីអាចឱ្យមិត្តភក្តិរបស់អ្នកចូលរួមចំណែកក្នុងការបង់ប្រាក់បាន ដំបូងអ្នកត្រូវតែប្រាកដថាអ្នកកំពុងតែនៅក្នុងក្រុមឆាតដែលអ្នកចង់ឱ្យពួកគេបង់ បន្ទាប់មកសូមចុចលើសញ្ញាបូកនៅខាងក្រោម និងចុចនៅលើពាក្យ “Split Payments” រួចចុចលើពាក្យ “Get Started”។
បន្ទាប់ពីនេះ អ្នកអាចធ្វើការជ្រើសរើសថាតើអ្នកចង់បំបែកការបង់ប្រាក់នេះជាមួយសមាជិកក្នុងក្រុមឆាតរបស់អ្នកទាំងអស់ ឬគ្រាន់តែចង់ឱ្យអ្នកមួយចំនួនបង់។ នៅត្រង់ចំណុចនេះ អ្នកគ្រាន់តែដាក់បញ្ចូលចំនួនលុយសរុប នោះកម្មវិធី Messenger នឹងធ្វើការបែងចែកចំនួនលុយដែលត្រូវបង់ស្មើៗគ្នា នៅក្នុងក្រុមឆាតនោះដោយស្វ័យប្រវត្តិ។ អ្នកក៏អាចកំណត់ពីចំនួននៃការបង់ប្រាក់តិចជាង ឬ ច្រើនជាងសម្រាប់អ្នកប្រើប្រាស់ ឬ មិត្តភក្តិណាមួយដែលអ្នកចង់ឱ្យពួកគេបង់បានផងដែរ។
ក្រុមហ៊ុន Meta សម្រេចចិត្តបង្កើត និងបញ្ចេញនូវមុខងារមួយនេះ ដោយសារតែកម្មវិធី Messenger គឺជាកម្មវិធីដែលមានចំនួនអ្នកប្រើប្រាស់រាប់លាននាក់មកពីជុំវិញពិភពលោក ហើយមុខងារមួយនេះអាចនឹងក្លាយជាមុខងារដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទាំងអស់ផងដែរ៕
ប្រភព÷ Engaged
Post a Comment