ក្រុមហ៊ុន Instagram បានបញ្ចេញមុខងារដែលអាចលុបមាតិកាបានងាយជាងមុន និងមុខងារគ្រប់គ្រងលើគណនីថ្មី
ក្រុមហ៊ុន Instagram កំពុងតែធ្វើការនៅលើមុខងារដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការលុបការបង្ហោះ ការបញ្ចេញមតិយោបល់ និងសកម្មភាពផ្សេងទៀតដោយមានភាពងាយស្រួល ចេញពីមាតិការបស់ខ្លួនបាន។ តួយ៉ាងនាពេលថ្មីៗនេះ កម្មវិធី Instagram បានដាក់បញ្ចេញនូវមុខងារគ្រប់គ្រងគណនីថ្មី ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការលុបមតិយោបល់ ការបង្ហោះ និងឆែកមើលលើសកម្មភាពដែលអ្នកប្រើប្រាស់ធ្លាប់បានធ្វើពីមុនដោយមានភាពងាយស្រួលបាន។
មុខងារថ្មីនេះ នឹងមាននៅក្នុងប្រូហ្វាលរបស់អ្នកប្រើប្រាស់ ដោយវាស្ថិតនៅក្នុងក្រឡោន “Your Activity”។ បើយោងតាមក្រុមហ៊ុន Instagram ផ្ទាល់ គោលបំណងនៃការបង្កើតនូវមុខងារមួយនេះឡើង គឺដើម្បីជាវិធីសម្រួលទៅដល់អ្នកប្រើប្រាស់នៅក្នុងការពិនិត្យមើល ក៏ដូចជាលុបនូវសកម្មភាពដែលធ្លាប់បានធ្វើកាលពីមុនមក។
បើសិនជាពុំមាននូវមុខងារថ្មីនេះទេ អ្នកប្រើប្រាស់នឹងបង្ខំចិត្តប្រើប្រាស់នូវក្បួនចាស់ ដោយធ្វើការអូសនឹងស្វែងរកនូវការបង្ហោះ ការបញ្ចេញមតិយោបល់ ដើម្បីធ្វើការពិនិត្យមើលឡើងវិញ ឬ ក៏លុបសកម្មភាពទាំងអស់នោះចោល ដែលវានឹងតម្រូវឱ្យអ្នកចំណាយពេលវេលាកាន់តែយូរ។
ប៉ុន្តែសម្រាប់មុខងារថ្មីនេះវិញ អ្នកអាចធ្វើការពិនិត្យមើលឡើងវិញ ឬ លុបនូវការបង្ហោះ ឬ ការបញ្ចេញមតិយោបល់ ឬ សកម្មភាពផ្សេងៗ ដោយគ្រាន់តែចូលទៅកាន់មុខងារតែមួយប៉ុណ្ណោះ ដែលវាមានភាពងាយស្រួល មិនតម្រូវឱ្យអ្នកចំណាយពេលវេលាយូរនៅក្នុងការអូសស្វែងរក និងលុបការបង្ហោះនោះម្តងមួយៗ៕
ប្រភព÷ Engadget
Post a Comment