ក្រុមហ៊ុន Google បានធ្វើការផ្លាស់ប្ដូរឡូហ្គោរបស់កម្មវិធី Google Chrome បន្ទាប់ពីមិនធ្លាប់មានការផ្លាស់ប្ដូរអស់រយៈពេល ៨ ឆ្នាំ

បើសិនជាអ្នកបានទាញយក ក៏ដូចជាកំពុងប្រើប្រាស់ Canary ជំនាន់ចុងក្រោយបង្អស់់នៅលើកម្មវិធី Google Chrome អ្នកប្រាកដជាអាចកត់សម្គាល់ទៅលើរូបភាព Icon ឬ ឡូហ្គោរបស់កម្មវិធីមួយនេះបាន។ ការផ្លាស់ប្ដូរការរចនានូវរូបឡូហ្គោថ្មីនេះ គឺបានធ្វើឡើងជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ បន្ទាប់ពីក្រុមហ៊ុន Google មិនធ្លាប់បានធ្វើការកែនូវអ្វីទាំងអស់ គិតចាប់តាំងពីឆ្នាំ២០១៤។

នៅពេលក្រឡេកមើលវាជាលើកដំបូង វាហាក់ដូចជាមិនមានអ្វីខុសគ្នានោះទេ ប៉ុន្តែបន្ទាប់ពីត្រួតពិនិត្យ និងមើលវាសាឡើងវិញ ទើបយើងអាចកត់សម្គាល់នូវចំណុចខុសប្លែកបាន។ បន្ថែមពីនេះ បើយោងតាមគណនី Twitter របស់លោក Elvin Hu ដែលជាអ្នកឌីសាញ និងរចនានូវឡូហ្គោថ្មីនេះ បានធ្វើការបង្ហោះនូវរូបភាពមួយសន្លឹក បូករួមជាមួយ Caption ដូចខាងក្រោម÷

អ្នកអាចកត់សម្គាល់នូវភាពខុសប្លែកបាន បើសិនជាអ្នកក្រឡេកមើលវាដោយប្រុងប្រយ័ត្ន នោះអ្នកនឹងដឹងថា ក្រុមហ៊ុន Google បានដកនូវស្រមោលដែលជាផ្នែកមួយនៃ Icon ចេញ ហើយបានកែប្រែជាមួយនឹងការរចនាឡូហ្គូបែបសំប៉ែតវិញ។ ការរចនាឡូហ្គោថ្មីនេះ ក៏បានផ្លាស់ប្ដូរក៏ដូចជាបន្ថែមទឹកពណ៌ឱ្យមានសភាពដិតជាងមុនផងដែរ។

ប៉ុន្តែសម្រាប់ការផ្លាស់ប្ដូរដែលក្រុមហ៊ុន Google គិតថាវាបានជិះឥទ្ធិពលមិនល្អសម្រាប់កម្មវិធី Google Chrome របស់ខ្លួននោះ គឺស្ថិតនៅក្នុងស្រមោលពណ៌បៃតង និងពណ៌ក្រហម ដោយលោក Hu បាននិយាយថា ក្រុមហ៊ុន Google បានគិតថា រូបស្រមោលទាំងពីរពណ៌នេះ ដំណាងឱ្យភាពមិនសប្បាយរីករាយនៅពេលដែលដាក់វានៅជាប់គ្នា។


លោក Hu ក៏បាននិយាយប្រាប់បន្ថែមផងដែរថា ការរចនារូបឡូហ្គោថ្មីរបស់កម្មវិធី Google Chrome នេះអាចនឹងដាក់ឱ្យប្រើប្រាស់នៅតាមតំបន់មួយចំនួនសិន ដោយវាអាចនឹងលេចខ្លួនជាផ្លូវការនៅរយៈពេលប៉ុន្មានខែខាងមុខទៀត ដោយសារតែក្រុមហ៊ុន Google ចង់ឱ្យប្រាកដថា កម្មវិធីមួយនេះនឹងនៅតែជាផ្ទះដែលអ្នកប្រើប្រាស់អាចជ្រកកោនបាន និងដើម្បីបង្កើនភាពងាយស្រួលក្នុងការទាញយកលើគ្រាប់ប្រព័ន្ធប្រតិបត្តិការ៕


ប្រភព÷ Engadget

Post a Comment

To Top