លោក Donald Trump បានបញ្ចេញកម្មវិធីបណ្តាញសង្គមមួយ ដែលដូចទៅនឹងកម្មវិធី Twitter

បើយោងតាមសារព័ត៌មាន CNET បានរាយការណ៍ថា Truth Social ដែលជាកម្មវិធីបណ្តាញសង្គមថ្មី ដែលមានលក្ខណៈស្រដៀងទៅនឹងកម្មវិធី Twitter របស់លោក Donald Trump នឹងដាក់ឱ្យទាញយកនៅលើ App Store។ ការបញ្ជាក់មួយនេះ មានប្រភពចេញពីគណនី Verified របស់ប្រធានផ្នែកផលិតផលនៃកម្មវិធី Truth Social គឺលោក Billy B ដោយលោកបានបញ្ជាក់ថា កម្មវិធីមួយនេះនឹងដាក់ឱ្យទាញយកនៅលើ App Store នៅថ្ងៃទី២១ ខែកុម្ភៈ ដែលត្រូវជាថ្ងៃម្សិលមិញនេះ។

ដោយសារតែក្រុមហ៊ុន Facebook និង Twitter បានធ្វើការហាមឃាត់ (Ban) លោក Donald Trump ពីកម្មវិធីបណ្តាញសង្គមរបស់ពួកគេ បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមាន Capitol របស់សហរដ្ឋអាមេរិក ទើបលោក Donald Trump សម្រេចបង្កើតកម្មវិធីបណ្តាញសង្គមផ្ទាល់ខ្លួនដែលមានលក្ខណៈដូចទៅនឹងកម្មវិធី Twitter ដែលបញ្ជាក់ពីការវិលមកកាន់បណ្តាញសង្គមវិញរបស់លោក។

បើយោងតាមការបង្ហោះដែលត្រូវបានពិនិត្យដោយ Reuters បានឱ្យដឹងថា កម្មវិធី Truth Social មិនខុសពីកម្មវិធី Twitter ប៉ុន្មាននោះទេ ដោយអ្នកអាចចុច Truth ដើម្បីបង្ហោះមាតិកា ដែលវាស្មើទៅនឹងពាក្យ Tweet របស់កម្មវិធី Twitter ដែរ។ នាយកប្រតិបត្តិរបស់កម្មវិធី Truth Social បាននិយាយថា ក្រុមហ៊ុនកំពុងធ្វើការនៅលើមុខងារ Verification Policy ហើយវាអាចនឹងមកដល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា កម្មវិធីមួយនេះមិនទាន់មានដំណើរការបានល្អនៅឡើយទេ ដែលបើយោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា មានអ្នកប្រើប្រាស់មួយចំនួនបានជួបបញ្ហានៅពេលបង្កើតគណនី ដោយខ្លះបានទទួលសារ Error នៅពេលដែលពួកគេវាយបញ្ចូល Email, លេខទូរស័ព្ទ និងថ្ងៃខែឆ្នាំកំណើត៕


ប្រភព÷ Engadget

Post a Comment

To Top