រដ្ឋាភិបាលស៊ីរីចាត់វិធានការដើម្បីជំនះផលប៉ះពាល់ដែលអាចកើតមានដោយសារវិបត្តិអ៊ុយក្រែន

ប្រទេសស៊ីរី៖គណៈរដ្ឋមន្ត្រី​ស៊ីរី​កាលពី​ថ្ងៃ​ព្រហស្បតិ៍នេះ​បាន​សម្រេច​វិធានការ​ជាច្រើន​ដើម្បី​ដោះស្រាយជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានដោយសារតែវិបត្តិអ៊ុយក្រែនលើស្ថានភាពសេដ្ឋកិច្ចនៅប្រទេសស៊ីរី។

វិធានការ​ទាំងនោះត្រូវ​បាន​សម្រេច​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​តូច​ពិសេស​របស់​រដ្ឋាភិបាលស៊ីរី។ ខ្លឹមសារនៅក្នុងរបាយការណ៍មានបញ្ជាក់ថា វិធានការ​ទាំងនោះបានបញ្ចូលនូវការអនុវត្តជំហានចាំបាច់ ដើម្បីគ្រប់គ្រង និងជំរុញស្តុកសម្ភារៈមូលដ្ឋានដូចជា ស្រូវសាលី ស្ករ ប្រេង អង្ករ និងដំឡូង ក្នុងរយៈពេលពីរខែបន្ទាប់ និងដើម្បីធានានិរន្តរភាពនៃលទ្ធភាពទទួលបានមូលដ្ឋានទាំងនោះ។

 

ការសម្រេចចិត្តនេះក៏បានរួមបញ្ចូលផងដែរនូវការរឹតបន្តឹងលើការនាំចេញក្នុងរយៈពេលពីរខែបន្ទាប់ សម្រាប់វត្ថុធាតុដើមដែលអាចរួមចំណែកដល់ស្ថិរភាពទីផ្សារ ដែលមានដូចជាប្រេងអូលីវ គ្រឿងឧបភោគបរិភោគដែលបានរក្សាទុក និងសម្ភារៈផ្សេងៗទៀត ក៏ដូចជាការគ្រប់គ្រងតម្រូវការទីផ្សារឱសថផងដែរ។

 

ចំណែកឯវិស័យហិរញ្ញវត្ថុ និងធនាគារវិញ រដ្ឋាភិបាលបានសម្រេចចិត្តរឹតបន្តឹងការគ្រប់គ្រងលើទីផ្សារប្តូរប្រាក់ដើម្បីធានាស្ថិរភាពរបស់ខ្លួនក្នុងរយៈពេលពីរខែបន្ទាប់។

 

គួរបញ្ជាក់ផងដែរថា វិធានការ​ទាំងនោះមានគោលបំណងចម្បងដើម្បីដោះស្រាយលើបម្រែបម្រួលសេដ្ឋកិច្ច ដែលអាចបង្កផលប៉ះពាល់ដល់ទីផ្សារក្នុងស្រុករបស់ប្រទេសស៊ីរីដោយផ្ទាល់ ឬដោយប្រយោល ដោយយោងទៅតាមការផ្លាស់ប្តូរដែលអាចប៉ះពាល់ដល់ទីផ្សារពិភពលោក ជាពិសេសក្នុងវិស័យថាមពល អាហារ និងការដឹកជញ្ជូនពិភពលោក៕


ប្រភព៖ huaxia

Post a Comment

To Top