ទូរស័ព្ទ Black Shark 5 ទាំងពីរម៉ូដែលនឹងនាំមកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W

ទូរស័ព្ទ Black Shark 5 ទាំងពីរម៉ូដែលបានបង្ហាញខ្លួននៅលើ TENAA កាលពីថ្ងៃម្សិលមិញ ហើយឥឡូវនេះ ទូរស័ព្ទទាំងពីរម៉ូដែលនេះ កំពុងឆ្ពោះទៅរកដំណើរការឆ្លងកាត់ 3C ដែលចំណុចដ៏លេចធ្លោនៃទូរស័ព្ទទាំងពីរនោះ គឺស្ថិតនៅលើល្បឿនសាកបញ្ចូលថ្ម។

ទូរស័ព្ទទាំងពីរម៉ូដែល នឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 120W (20V, 6A) ដោយប្រើប្រាស់ដុំសាករបស់ក្រុមហ៊ុន Xiaomi ដែលមានឈ្មោះថា Xiaomi MDY-12-ED។ បើយោងតាម TENAA បានឱ្យដឹងបន្ថែមថា ទូរស័ព្ទទាំងពីរនេះនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4,650 mAh ដូចគ្នា ដូចនេះ ការសាកបញ្ចូលទឹកវិញ ក៏មានល្បឿនដូចគ្នាផងដែរ។


ល្បឿននៃការសាកបញ្ចូលថ្មលឿននេះ គឺដូចទៅនឹងទូរស័ព្ទ Black Shark ម៉ូដែល 4 ដែលចេញកាលពីឆ្នាំមុនដែរ ប៉ុន្តែក្នុងជួរម៉ូដែល 5 ពួកវាមានទំហំថ្មធំជាង។ ការសាកថ្មពេញពី 0 ទៅ 100% អាចនឹងចំណាយពេលប្រហែលពី 16-18 នាទី និងសម្រាប់ការសាកបញ្ចូលទឹក 50% អាចនឹងចាយពេលត្រឹមតែ 5 នាទីប៉ុណ្ណោះ។

យើងមិនទាន់ច្បាស់ 100% ពីបន្ទះឈីបរបស់ទូរស័ព្ទទាំងពីរម៉ូដែលនេះនៅឡើយនោះទេ ប៉ុន្តែបើយោងតាមពាក្យចចាមអារ៉ាមមួយចំនួនបាននិយាយថា ទូរស័ព្ទ Black Shark 5 Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ និងសម្រាប់ម៉ូដែល Black Shark 5 ធម្មតា វាអាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 870។

សម្រាប់ទូរស័ព្ទម៉ូដែល Pro វាអាចនឹងមានរ៉េមទំហំ 16GB និងសម្រាប់ម៉ូដែលធម្មតា វាអាចនឹងមានទំហំរ៉េម 12GB។ ភាពខុសគ្នានៃម៉ូដែលទាំងពីរនេះមួយទៀតនោះគឺស្ថិតនៅលើផ្នែកកាមេរ៉ា ដោយម៉ូដែល Pro នឹងបំពាក់មកជាមួយកាមេរ៉ាគោលទំហំ 108 មេហ្កាភិចស៊ែល និងសម្រាប់ម៉ូដែលធម្មតា នឹងបំពាក់មកជាមួយកាមេរ៉ាគោលទំហំ 64 មេហ្កាភិចស៊ែល។


ចំពោះអេក្រង់របស់ត្រកូល Pro វិញ យើងបានលេចលឺមកថា វាអាចនឹងប្រើប្រាស់ប្រភេទកញ្ចក់អេក្រង់ AMOLED ដែលមានទំហំ 6.67អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ 1080p+ បូករួមជាមួយនឹងល្បឿនអូសអេក្រង់ 144Hz។ ចំណែកឯម៉ូដែលធម្មតា វាអាចនឹងមានប្រភេទអេក្រង់ដូចគ្នា ឬ ខុសគ្នាបន្តិចបន្តួច ប៉ុន្តែវានៅតែជាអេក្រង់ដែលខ្លាំងមួយដដែល៕


ប្រភព÷ GSMArena

Post a Comment

To Top