Adobe Premier Pro បានបញ្ចេញមុខងារ AI ដើម្បីជួយសម្រួលដល់ការកាត់បញ្ចូលបទចម្រៀង ចូលទៅក្នុងវីដេអូ

ការកាត់បញ្ចូលបទចម្រៀងដើម្បីឱ្យតម្រូវតាមភ្លេង គឺពិតជាត្រូវចំណាយពេលវេលា និងមានភាពឈឺចាប់នៅក្នុងការកាត់បញ្ចូលណាស់ ដោយសារតែវាមានភាពពិបាកខ្លាំងនៅក្នុងការកាត់ត្រឹមបទចម្រៀងឱ្យសុីគ្នាជាមួយនឹងវីដេអូ។ ដោយបានគិតគូរពីបញ្ហាមួយនេះ ក្រុមហ៊ុន Adobe បានបញ្ចេញនូវមុខងារ AI ដែលជាជំនួយជួយដល់ការកាត់ដាក់ចម្រៀងចូលទៅក្នុងវីដេអូរបស់អ្នកឱ្យមានភាពសុីគ្នាបាន ដោយមិនចំណាយពេលវេលាយូរ។

ក្រុមហ៊ុន Adobe ក៏បានបញ្ជាក់បន្ថែមផងដែរថា មុខងារជំនួយការ AI ថ្មីដែលកាត់បញ្ចូលបទចម្រៀងចូលទៅក្នុងវីដេអូដោយស្វ័យប្រវត្តិនេះ អាចនឹងមានចំណុចខ្លះមិនអាចផ្គាប់ចិត្តអ្នកកាត់តបានទាំងអស់នោះទេ (សំដៅលើការកាត់ត្រឹមបទចម្រៀងឱ្យត្រូវតាមវីដេអូ) ប៉ុន្តែវាអាចជួយមិនឱ្យអ្នកចំណាយពេលវេលាច្រើននៅក្នុងការធ្វើដូចនេះ និងបើសិនជាអ្នកមិនពេញចិត្តនូវលទ្ធផលដែល AI ថ្មីបានធ្វើឱ្យអ្នក អ្នកគ្រាន់តែកែវាឱ្យត្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកជាការស្រេច។

បន្ថែមពីនេះ ក្រុមហ៊ុន Adobe ក៏បានធ្វើការកែប្រែពីលើមុខងារ Transcriptions សម្រាប់កម្មវិធី Adobe Premiere Pro ផងដែរ ដោយនាពេលឥឡូវនេះ មុខងារមួយនេះអាចធ្វើការបំឡែងពាក្យសម្តីដែលចេញពីសម្លេង ឬ វីដេអូទៅកាន់សំណេរអត្ថបទបានដោយពុំត្រូវការអ៊ីនធើណែត ហើយវាក៏អាចដំណើរការបានលឿនជាងមុនរហូតដល់ទៅបីដងនៅលើបន្ទះឈីប M1 និង Core i9 ផងដែរ។

នៅមិនទាន់អស់នោះទេ ក្រុមហ៊ុន Adobe ក៏បានធ្វើការបន្ថែមនូវសមត្ថភាពនៃការកាត់តវីដេអូតាមរយៈ Hardware របស់កំព្យូទ័រផងដែរ ដោយនៅពេលនេះ អ្នកដែលប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows អាចធ្វើការ Export វីដេអូកម្រិត 10-bit HDR បានលឿនជាងមុនរហូតដល់ទៅ ១០ ដង នៅលើបន្ទះក្រាហ្វិករបស់ក្រុមហ៊ុន Intel ឬ ក្រុមហ៊ុន Nvidia៕


ប្រភព÷ Engadget

Post a Comment

To Top