បែកធ្លាយពីលក្ខណៈសម្បត្តិ និងតម្លៃនៃថេប្លេតរបស់ក្រុមហ៊ុន Vivo
កាលពីខែវិច្ឆិកាកន្លងទៅ Digital Chat Station ដែលជាប្រភពព័ត៌មានដ៏គួរឱ្យទុកចិត្តមួយបានបង្ហាញថា ក្រុមហ៊ុន Vivo គ្រោងនឹងបញ្ចេញថេប្លេតរបស់ខ្លួនជាផ្លូវការ ដែលវានឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 SoC។ ឥឡូវនេះ ប្រភពព័ត៌មានដដែលក៏បានត្រឡប់មកវិញ ជាមួយនឹងព័ត៌មានបន្ថែមទៀតពីថេប្លេតមួយនេះផងដែរ។
DCS (Digital Chat Station) បាននិយាយថា ថេប្លេតរបស់ក្រុមហ៊ុន Vivo មួយនេះនឹងបំពាក់មកជាមួយអេក្រង់ដែលមានទំហំធំ បូករួមជាមួយនឹងបច្ចេកវិទ្យាអូសអេក្រង់ល្បឿនលឿន 120Hz ផងដែរ។ បន្ថែមពីនេះ វាក៏អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំចាប់ពី 8000 mAh ឡើងទៅផងដែរ ដែលជាទំហំថ្មដ៏ធំមួយ។
បើយោងតាមគេហទំព័រ TUV ដែលធ្លាប់ត្រូវបានគេប្រទះឃើញកាលពីឆ្នាំមុនបានឱ្យដឹងថា ថេប្លេតរបស់ក្រុមហ៊ុន Vivo មួយនេះ អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 8,040 mAh។ ប៉ុន្តែព័ត៌មានមួយនេះ យើងមិនអាចប្រាកដបានថាវាជាព័ត៌មានពិត ឬក៏អត់នោះទេ។
ប្រភពព័ត៌មាន DCS ដដែលនេះក៏បានអះអាងផងដែរថា ថេប្លេតរបស់ក្រុមហ៊ុន Vivo មួយនេះ ក៏អាចនឹងគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 44W ផងដែរ។ ចំណែកឯតម្លៃវិញ ក្រុមហ៊ុន Vivo អាចនឹងដាក់លក់វាក្នុងតម្លៃ CNY2,000 (ប្រហែល $315)៕
ប្រភព÷ GSMArena
Post a Comment