បែកធ្លាយពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Vivo Y75 5G

ក្រុមហ៊ុន Vivo ធ្លាប់បានដាក់បញ្ចេញទូរស័ព្ទ Vivo Y75 កាលពីឆ្នាំ២០១៧ រួចមកហើយ ដោយវាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ octa-core មានទំហំរ៉េម 4GB ប្រើប្រាស់អេក្រង់ HD+ មានកាមេរ៉ាគោលទំហំ 13 មេហ្កាភិចស៊ែល និងកាមេរ៉ាស៊ែលហ្វីទំហំ 16 មេហ្កាភិចស៊ែល។ បន្ទាប់ពីរយៈពេល ៤ ឆ្នាំក្រោយមក ឥឡូវនេះក្រុមហ៊ុន Vivo បានប្រកាសថា ខ្លួននឹងបញ្ចេញទូរស័ព្ទម៉ូដែលដដែលនេះ ជាមួយបច្ចេកវិទ្យា 5G ថ្មីមួយទៀត សម្រាប់ឆ្នាំថ្មី២០២២។

ជារូបភាពគំរូ

ឥឡូវនេះ យើងទទួលបាននូវព័ត៌មានលេចធ្លាយមួយចំនួនអំពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Vivo Y75 5G ដោយវាអាចនឹងប្រើប្រាស់បន្ទះឈីប Dimensity 700 SoC ជាមួយនឹងទំហំរ៉េម 8GB (អាចបន្ថែមបាន 4GB ទៀតតាមរយៈ virtual ram) និងមានទំហំអង្គផ្ទុកទិន្នន័យ 128GB។ ជាមួយគ្នានេះដែរ វាអាចនឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Android 12 ដែលស្រោបដោយផ្ទៃប្រើប្រាស់ Funtouch OS 12 ដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Vivo ផ្ទាល់។


ទូរស័ព្ទ Vivo Y75 5G ត្រូវបានគេរំពឹងថា វាអាចនឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.58អុីញ ដែលមានកម្រិតបង្ហាញភាពច្បាស់ FullHD+ និងអាចមានកម្លាំងថាមពលថ្មរហូតដល់ទៅទំហំ 5,000 mAh ទៀតផង។ បន្ថែមពីនេះ ទូរស័ព្ទត្រកូល Y75 5G មួយនេះ ក៏អាចគាំទ្រជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 18W ផងដែរ។

ជារូបភាពគំរូ

ចំពោះផ្នែកកាមេរ៉ាវិញ ទូរស័ព្ទ Vivo Y75 5G អាចនឹងបំពាក់មកជាមួយកាមេរ៉ាចំនួន ៤ ដែលកាមេរ៉ាស៊ែលហ្វីឆកដំណក់ទឹកខាងមុខ អាចនឹងមានទំហំ 16 មេហ្កាភិចស៊ែល និងកាមេរ៉ាគោលខាងក្រោយមានទំហំ 50 មេហ្កាភិចស៊ែល អមមកជាមួយនឹងលេនកាមេរ៉ាទំហំ 2 មេហ្កាភិចស៊ែល ចំនួន ២ គ្រាប់បន្ថែមទៀត។


សម្រាប់ប្រព័ន្ធសុវត្ថិភាព ទូរស័ព្ទមួយនេះអាចនឹងប្រើប្រាស់ការដោះសោរតាមរយ:ការស្កេនក្រយ៉ៅដៃ និងវាអាចនឹងមកជាមួយជម្រើសពណ៌ចំនួនពីរ ដែលមានពណ៌ខ្មៅ និងពណ៌ Aurora។

ជារូបភាពគំរូ

ចំណែកឯថ្ងៃដាក់លក់ជាផ្លូវការវិញ ទូរស័ព្ទមួយនេះត្រូវបានគេរំពឹងថា វាអាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌា មុនដំណាច់ខែមករា នេះ ប៉ុន្តែក្រុមហ៊ុន Vivo មិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយទេ៕


ប្រភព÷ GSMArena

Post a Comment

To Top