ក្រុមហ៊ុន Tencent មានគម្រោងទិញទូរស័ព្ទម៉ូដែល BlackShark Gaming ផ្តាច់មុខពីក្រុមហ៊ុន Xiaomi នៅក្នុងតម្លៃ 470 លានដុល្លារ
មានរបាយការណ៍ព័ត៌មានថ្មីមួយបានអះអាងថា ក្រុមហ៊ុនផលិតហ្គេមខ្នាតយក្សរបស់ប្រទេសចិន Tencent Games បានកំពុងតែចរចាទៅលើកិច្ចព្រមព្រៀងនៃការទិញទូរស័ព្ទផ្តាច់មុខម៉ូដែល BlackShark Gaming របស់ក្រុមហ៊ុន Xiaomi។ ក្រុមហ៊ុន Tencent Games បានស្នើទិញទូរស័ព្ទ Gaming របស់ក្រុមហ៊ុន Xiaomi ម៉ូដែលនេះក្នុងតម្លៃ 3 ពាន់លាន CNY ដែលស្មើនឹង 470 លានដុល្លារសហរដ្ឋអាមេរិក។
សម្រាប់ព័ត៌មានលម្អិតជុំវិញលើការស្នើសុំទិញទូរស័ព្ទម៉ូដែលនេះផ្តាច់មុខ ពុំទាន់មានការបញ្ជាក់ពិតប្រាកដណាមួយពីក្រុមហ៊ុនទាំងសងខាងនៅឡើយនោះទេ។ ប៉ុន្តែអ្វីដែលយើងអាចប្រាកដបាននោះ គឺក្រុមហ៊ុន Tencent ពិតជាចង់បង្កើត Hardware សម្រាប់ផលិតទូរស័ព្ទផ្ទាល់ខ្លួនពិតប្រាកដមែន។
កាលពីមុន ក្រុមហ៊ុន Tencent Gaming ក៏ធ្លាប់បានចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតទូរស័ព្ទសម្រាប់វិស័យហ្គេមអេឡិចត្រូនិចចំនួនពីរផងដែរ ដែលមានដូចជា ROG Phone របស់ក្រុមហ៊ុន Asus និងទូរស័ព្ទម៉ូដែល Red Magic របស់ក្រុមហ៊ុន Nubia។
គម្រោងនៃការចង់បានទូរស័ព្ទម៉ូដែល BlackShark មកកាន់នៅក្នុងដៃនេះ គឺដោយសារតែទីផ្សារលក់របស់ក្រុមហ៊ុន Xiaomi បានជ្រៀតចូលទីផ្សារធំៗរួចស្រេចមកហើយ ដែលវាអាចផ្តល់ជាភ្លើងខៀវឱ្យទៅក្រុមហ៊ុន Tencent សម្រាប់ធ្វើការបញ្ចេញទូរស័ព្ទ Gaming របស់ខ្លួនទៅកាន់ទីផ្សារសកល៕
ប្រភព÷ Engadget
Post a Comment