ក្រុមហ៊ុន Subaru បានបញ្ចេញរថយន្តប្រណាំងអគ្គិសនីដែលមានកម្លាំងរហូតដល់ទៅ 1,073HP
ការផលិតរថយន្តអគ្គិសនីគឺជារឿងដ៏ថ្មីមួយសម្រាប់ក្រុមហ៊ុន Subaru ប៉ុន្តែកត្តាមួយនេះ មិនអាចបញ្ឈប់មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុនមួយនេះបាននោះទេ។
បើយោងតាមសារព័ត៌មាន Electrek បានរាយការណ៍ថា ក្រុមហ៊ុន Subaru បានបង្ហាញពីគម្រោងរថយន្តអគ្គិសនីរបស់ខ្លួនចំនួនពីរគម្រោងនៅក្នុងកម្មវិធីតាំងពិព័រណ៌រថយន្ត Tokyo Auto Salon ដែលនៅក្នុងនោះ ក៏មានរថយន្តប្រណាំងដែលដើរដោយថាមពលអគ្គិសនីដំបូងគេផងដែរ។
គម្រោង STU E-RA Concept របស់ក្រុមហ៊ុន Subaru បានបង្ហាញពីរថយន្តប្រណាំងដែលដើរដោយថាមពលអគ្គិសនីដំបូងបង្អស់ ដែលមានកម្លាំងរហូតដល់ទៅ 1,073HP និងមានម៉ូទ័រចំនួនបួន ដែលផលិតដោយក្រុមហ៊ុន Yamaha។
រថយន្តប្រណាំងដែលដើរដោយថាមពលអគ្គិសនីនេះ ក៏មានភ្ជាប់មកជាមួយប្រព័ន្ធវុិចទ័រកម្លាំងបង្វិលជុំ ដែលជួយទប់លំនឹង និងបង្កើនស្ថេរភាពក្នុងពេលបើកបរផងដែរ។
បន្ថែមពីនេះ ក្រុមហ៊ុន Subaru ក៏បានដាក់បង្ហាញបន្ថែមនូវគម្រោងរថយន្តអគ្គិសនី Solterra STI Concept ផងដែរ ដែលជាប្រភេទរថយន្ត EVs ធម្មតា។ បើទោះបីជាយ៉ាងណាក៏ដោយ រថយន្តប្រណាំងអគ្គិសនីដែលស្ថិតនៅក្នុងគម្រោង STI E-RA Concept នៅតែជាដួងតារារបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Subaru៕
ប្រភព÷ Engadget
Post a Comment