ក្រុមហ៊ុន Sony បានបង្ហាញពីលក្ខណៈសម្បត្តិរបស់ PlayStation VR2 និងឧបករណ៍បញ្ជាដោយញាណ

នៅថ្ងៃទី០៥ ខែមករា នេះ ក្រុមហ៊ុន Sony បានបង្ហាញពីព័ត៌មានលម្អិតពាក់ព័ន្ធជាមួយនឹងកាសពិតនិម្មិតជំនាន់ថ្មីរបស់ខ្លួន (Virtual Reality Headset) នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍បច្ចេកវិទ្យាខ្នាតធំ CES 2022 ដោយចាប់ផ្តើមដំបូងជាមួយនឹងការបញ្ជាក់ពីឈ្មោះរបស់វាមុន ដែលក្រុមហ៊ុន Sony ឱ្យឈ្មោះកាសពិតនិម្មិតរបស់ខ្លួនមួយនេះថា PlayStation VR2។

កាសពិតនិម្មិត PlayStation VR2 នេះ អាចប្រើប្រាស់បានជាមួយម៉ាសុីនហ្គេម PS5 និងឧបករណ៍បញ្ជាថ្មីដោយប្រើវិចារណញ្ញាណ ដោយវាមានកម្រិតបង្ហាញ 2000×2040 ភីកសែល និងអាចមើលឃើញទិដ្ឋភាពរូបភាពបាន 110 ដឺក្រេ។ ជាមួយគ្នានេះដែរ កាស VR2 ក៏អាចគាំទ្រដល់ការមើលវីដេអូក្នុងល្បឿនពី 90 ទៅ 120Hz Frame Rate និងអាចមានសមត្ថភាពទ្រទ្រង់កម្រិតបង្ហាញភាពច្បាស់រហូតដល់ទៅ 4K HDR ថែមទៀតផង។

បន្ថែមពីលក្ខណៈសម្បត្តិខាងលើ កាស PS VR2 បំពាក់មកជាមួយកាមេរ៉ាជាច្រើនដើម្បីធ្វើការតាមដានចលនានៃក្បាលរបស់អ្នក និងឧបករណ៍បញ្ជា នៅពេលដែលអ្នកកំពុងបញ្ជាលេងវា។ ក្រុមហ៊ុន Sony ក៏បានប្រកាសពីមុខងារដឹងដោយវិចារណញ្ញាណថ្មី (Sensory) ដែលហៅថា “Headset Feedback” ដែលមុខងារនេះ អាចផ្តល់នូវបទពិសោធន៍ដ៏សុីជម្រៅនៅពេលដែលអ្នកលេងហ្គេមជាមួយនឹងវា ដោយវានឹងផ្តល់ជារំញ័រដែលដូចទៅនឹងតួអង្គដែលអ្នកកំពុងលេងនៅក្នុងហ្គេម ឧទាហរណ៍: បើសិនជាតួអង្គនៅក្នុងហ្គេមដែលអ្នកកំពុងលេងមានអារម្មណ៍ភ័យខ្លាចពីស្ថានភាពអ្វីមួយ នោះមុខងារមួយនេះ ក៏បញ្ជូនជារំញ័រតាមរយ:កាស VR2 ទៅកាន់អ្នកផងដែរ។

មុខងារ 3D Audio និងការតាមដានដោយភ្នែក (Eye Tracking) ក៏បំពាក់មកជាមួយនឹងកាស VR2 នេះដែរ ដោយកាស VR2 នេះ នឹងធ្វើការចាប់យកចលនានៃភ្នែករបស់អ្នក (Detect the motion of your eyes) ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើអត្តរកម្មជាមួយនឹងពិភពពិតនិម្មិតដែលមាននៅក្នុងកាស VR2 នេះបានផងដែរ។ សម្រាប់ឯឧបករណ៍បញ្ជា VR ដោយប្រើញាណវិញ (PS VR2 Sense Controllers) នឹងបំពាក់មកជាមួយមុខងារបញ្ជាសំខាន់ៗពី DualSense ដែលមានដូចជាមុខងារ Haptic feedback (ផ្តល់រំញ័រតបមកវិញ) និងមុខងារ Adaptive Triggers។ ក្រុមហ៊ុន Sony ក៏បានបង្ហាញបន្ថែមពីហ្គេម VR ថ្មីផងដែរ ដែលមានឈ្មោះថា Horizon Call of the Mountain ដែលហ្គេមនេះត្រូវបានបង្កើតឡើងជាក់ស្តែងសម្រាប់កាស PS VR2 នេះផ្ទាល់ផងដែរ៕


ប្រភព÷ Engadget

Post a Comment

To Top