ស្ថាបនិករបស់ក្រុមហ៊ុន Signal បានលាលែងពីដំណែងហើយ
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ស្ថាបនិករបស់ក្រុមហ៊ុនក៏ដូចជាកម្មវិធី Signal គឺលោក Moxie Marlinespike តែងតែនិយាយពីការជ្រើសបេក្ខភាពថ្មី សម្រាប់ចូលខ្លួនមកជំនួសដំណែងជា CEO របស់លោក។ លោក Marlinespike បានប្រកាសពីការចាកចេញរបស់លោក ដោយលោកបាននិយាយពីការតស៊ូផលិតនូវកម្មវិធី Signal នេះដោយខ្លួនឯង មុនពេលដែល Signal Foundation ត្រូវបានបង្កើតកាលពីបួនឆ្នាំមុន។
មូលនិធិកម្មវិធី Signal នេះ (Signal Foundation) បានទទួលចំនួនថវិកាប្រមាណជាជាង 50 លានដុល្លារពីស្ថាបនិករបស់ក្រុមហ៊ុន WhatsApp គឺលោក Brain Action សម្រាប់ជាជំនួយដល់ក្រុមហ៊ុន Signal ក្នុងការជួលបុគ្គលិកមកឱ្យបម្រើការឱ្យខ្លួន។ មុនពេលដែលទទួលបាននូវជំនួយមួយនេះ លោក Marlinespike បាននិយាយថា លោកបានធ្វើអ្វីៗដោយខ្លួនឯងទាំងអស់ ដែលរួមមានដូចជាការសរសេរកូដកម្មវិធី Signal សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងការជួយសម្រួលដល់ការអភិវឌ្ឍន៍កម្មវិធី ក៏ដូចជាការកែប្រែទៅលើបញ្ហាដែលកើតមានឡើងជាដើម។
លោក Moxie Marlinespike ក៏បានបន្ថែមផងដែរថា ឥឡូវនេះ ក្រុមហ៊ុន Signal មានក្រុមមនុស្សប្រមាណជាជាង ៣០ នាក់ហើយ ដែលម្នាក់ៗបានយល់ដឹងពីតួនាទីនៃការងាររបស់ខ្លួនបានច្បាស់លាស់ ដូចនេះបើទោះបីជាលោកបិទទូរស័ព្ទចោលក៏ដោយ ក៏លោកមិនមានការបារម្ភពីកម្មវិធីរបស់លោកឡើយ។
បន្ថែមពីនេះលោក Marlinespike ក៏បានសរសេរបញ្ជាក់ផងដែរថា÷ “ខ្ញុំមិនដឹងថាអនាគតរបស់កម្មវិធី Signal នាពេលខាងមុខនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែកម្មវិធីមួយនេះនៅតែសំខាន់សម្រាប់ខ្ញុំ ហើយឥឡូវនេះខ្ញុំក៏មានអារម្មណ៍សុខស្រួលក្នុងការចាកចេញពីដំណែងជា CEO របស់ក្រុមហ៊ុនដែលខ្ញុំបានបង្កើតដោយផ្ទាល់ដៃផងដែរ ហើយខ្ញុំជឿថា កម្មវិធីមួយនេះនឹងនៅតែបន្តការរីកចម្រើនបន្ថែមទៀតនាពេលខាងមុខ”។
| លោក Brain Action |
លោក Marlinespike នឹងនៅតែបន្តមាននៅលើ Signal Board ដដែល ហើយលោកនឹងផ្តោតទៅលើការស្វែងរកអ្នកដែលសាកសមនឹងដំណែងជា CEO បន្ទាប់ពីលោក ដោយខណៈពេលនេះ ដំណែងជា CEO បណ្តោះអាសន្នត្រូវបានកាន់កាប់ដោយលោក Brain Action ជំនួសសិន៕
ប្រភព÷ Engadget
Post a Comment