Samsung Galaxy Tab A8 10.5 (2021)÷ ជាថេប្លេតដែលមានកម្លាំងថាមពលថ្មធំ (Specs Review)
ក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទដៃទាំងអស់ មានក្រុមហ៊ុនចំនួនពីរដែលមានភាពចាស់ទុំជាងគេក្នុងវិស័យផលិតថេប្លេត ដែលមានក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung។ បើនិយាយពីក្រុមហ៊ុន Samsung វិញ ខ្លួនក៏កំពុងប្រកាសចេញនូវថេប្លេតកម្រិតមធ្យមមួយផងដែរ សម្រាប់ជាការបើកទំព័របច្ចេកវិទ្យាថ្មីនៃឆ្នាំ២០២២ នេះ ដោយថេប្លេតនោះស្ថិតនៅក្នុងត្រកូល Tab A ដែលក្រុមហ៊ុន Samsung ឱ្យឈ្មោះថា Samsung Galaxy Tab A8 10.5 (2021)។
កំណត់ចំណាំ: មុននឹងឈានចូលដល់ការរៀបរាប់ពីលក្ខណៈសម្បត្តិរបស់ថេប្លេតមួយនេះ GTC សូមបញ្ជាក់ផងដែរថា នេះមិនមែនជាការ Review ពីការប្រើប្រាស់ដោយផ្ទាល់នៃថេប្លេតមួយនេះនោះទេ ដោយក្រុមការងាររបស់យើងអាចបង្ហាញបានតែពីលក្ខណៈសម្បត្តិ (Specs) របស់ថេប្លេតមួយនេះប៉ុណ្ណោះ សម្រាប់ការ Review ជាក់ស្តែង ពួកយើងនឹងធ្វើការអាប់ដេតជូនអ្នកទាំងអស់គ្នានៅពេលក្រោយ នៅពេលដែលថេប្លេតនេះចេញជាផ្លូវការ និងមាន Youtuber ខ្មែរយើងធ្វើការ Review ពីវា។
ចាប់ផ្តើមដំបូងពីអេក្រង់មុន ដោយថេប្លេតត្រកូល Tab A8 10.5 (2021) នេះនឹងបំពាក់មកជាមួយបន្ទះអេក្រង់ TFT (Thin-Film-Transistor liquid-crystal display) ដែលជាប្រភេទអេក្រង់ LCD និងដូចទៅនឹងឈ្មោះរបស់ថេប្លេតមួយនេះដែរគឺវាមានទំហំ 10.5អុីញ ដែលមានកម្រិតបង្ហាញ 1200×1920pixels។ ចំណែកឯកាមេរ៉ានៅខាងមុខអេក្រង់វិញ ថេប្លេតមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីចំនួនមួយគ្រាប់នៅផ្នែកខាងលើ ដែលមានទំហំ 5 មេហ្កាភិចស៊ែល។
ចូលមកដល់ផ្នែកខាងក្នុងរបស់ថេប្លេតមួយនេះវិញម្តង ថេប្លេត Samsung Galaxy Tab A8 10.5 (2021) នឹងបំពាក់មកជាមួយបន្ទះឈីប Unisoc Tiger T618 ដែលមានទំហំ 12nm (ចេញកាលពីឆ្នាំ២០១៩) និងប្រើប្រាស់ជាមួយ GPU Mali G52 MP2 ដែលមានជម្រើសកម្លាំងម៉ាសុីនចំនួនបីគឺ÷
_ រ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យ 32GB
_ រ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB
_ និងរ៉េមទំហំ 4GB ជាមួយនឹងអង្គផ្ទុកទិន្នន័យ 128GB។ ថេប្លេតមួយនេះក៏អនុញ្ញាតឱ្យអ្នកអាចបន្ថែម microSD card ផងដែរ។ ខាងក្រោមនេះគឺជាការប្រៀបធៀបពិន្ទុនៃបន្ទះឈីប Unisoc Tiger T618 ទៅនឹងបន្ទះឈីបផ្សេងទៀតតាមរយៈ Benchmark÷
| ប្រភព÷ notebookcheck.net |
ចេញពីផ្នែក Hardware និងត្រឡប់មកផ្នែក Software វិញ ដោយថេប្លេតមួយនេះ នឹងដំណើរការមកជាមួយប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើផ្ទៃប្រើប្រាស់ One UI 3 ដែលចំអិនចេញពីផ្ទះរបស់ក្រុមហ៊ុន Samsung ផ្ទាល់ បូករួមជាមួយនឹងបច្ចេកវិទ្យាប៊្លូធូស 5.0 ផងដែរ។
ថេប្លេត Samsung Galaxy Tab A8 10.5 (2021) នឹងបំពាក់មកជាមួយឧបករណ៍បំពងសម្លេង (Speakers) ចំនួនបួនគ្រាប់ ដែលអំណោយផលដល់ការស្តាប់តន្រ្តី ទស្សនាខ្សែភាពយន្ត និងលេងហ្គេមដោយមិនប្រើកាសបាន។ សម្រាប់ប្រព័ន្ធសុវត្ថិភាព អ្នកអាចធ្វើការដោះសោបានដោយការស្កេនស្នាមក្រយ៉ៅដៃនៅពីចំហៀងនៃថេប្លេតមួយនេះ (Figerprint side-mounted)។
ក្រលែកមកផ្នែកខាងក្រោយវិញ ថេប្លេតមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាតែចំនួនមួយគ្រាប់ប៉ុណ្ណោះ ដែលមានទំហំ 8 មេហ្កាភិចស៊ែល និងអាចថតវីដេអូបាននៅក្នុងកម្រិត 1080p@30fps។
ដូចទៅនឹងរហ័សនាមរបស់ខ្លួន ថេប្លេតរបស់ក្រុមហ៊ុន Samsung មួយនេះ នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 7040 mAh ដែលជាទំហំថាមពលថ្មដ៏ធំមួយ បើប្រៀបធៀបជាមួយនឹងកម្លាំងម៉ាសុីនដែលបំពាក់មកនៅក្នុងនេះ យើងអាចសន្និដ្ឋានបានថា ថេប្លេតមួយនេះអាចនឹងកំដរយើងបានច្រើនម៉ោង មុនពេលដែលវាត្រូវសាកបញ្ចូកទឹកវិញ។ បើនិយាយពីការសាកបញ្ចូលថ្ម ថេប្លេតមួយនេះក៏អាចទ្រទ្រង់បច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 15W តាមរយៈឌុយសាក USB Type-C 2.0 ផងដែរ៕
ប្រភព Specs÷ GSMArena
Post a Comment