ទូរស័ព្ទ Samsung Galaxy S22 Ultra អាចនឹងមកជាមួយអង្គចងចាំតិចជាងម៉ូដែលដែលចេញកាលពីឆ្នាំមុន

ខណៈពេលដែលក្រុមហ៊ុន Samsung គ្រោងនឹងដាក់បង្ហាញទូរស័ព្ទត្រកូល Galaxy S ជំនាន់ថ្មីរបស់ខ្លួននៅក្នុងខែកុម្ភៈ ឥឡូវនេះមានការលេចធ្លាយថ្មីមួយបានបង្ហាញថា ក្រុមហ៊ុនអាចនឹងធ្វើការផ្លាស់ប្តូរតម្លៃដែលខ្លួនបានគ្រោងទុកសម្រាប់ម៉ូដែលទូរស័ព្ទកម្រិតខ្ពស់របស់ខ្លួនមួយនេះ។

បើយោងតាមការ Tweet ដែលយើងប្រទះឃើញដោយ Android Police ពី WinFuture's Roland Quandt បានឱ្យដឹងថា សម្រាប់ទីផ្សារប្រទេសនៅប៉ែកអុឺរ៉ុប ក្រុមហ៊ុន Samsung អាចនឹងដាក់លក់ទូរស័ព្ទត្រកូល Galaxy S22 ចាប់ពីតម្លៃ €849 ឡើងទៅ ចំពោះម៉ូដែល S22 Plus វាអាចនឹងមានតម្លៃ €1049 និងម៉ូដែល Ultra វាអាចនឹងមានតម្លៃ €1249។

តាមរយៈតម្លៃខាងលើយើងអាចដឹងបានថា ក្រុមហ៊ុន Samsung នៅតែបន្តដាក់លក់ទូរស័ព្ទត្រកូល S22 (2022) នៅក្នុងតម្លៃដដែល ដូចទៅនឹងសេរ៊ី S21 ដែលចេញកាលពីឆ្នាំមុនកន្លងមកដែរ។ ប្រភព Tweet ដដែលនេះក៏បានបង្ហាញផងដែរថា ក្រុមហ៊ុន Samsung នៅតែបន្តអនុវត្តការគិតប្រាក់ €50 បន្ថែម ចំពោះការពង្រីកបន្ថែមនូវទំហំអង្គផ្ទុកទិន្នន័យ សម្រាប់ម៉ូដែលធម្មតា និងម៉ូដែល Plus។

អ្វីដែលអាចនឹងផ្លាស់ប្តូរនោះគឺ ក្រុមហ៊ុន Samsung អាចនឹងកែប្រែ ឬដកនូវលក្ខណៈសម្បត្តិ Hardware (រ៉េម) មួយចំនួនចេញពីត្រកូល Ultra ដើម្បីឱ្យមានតម្លៃកាន់តែធូរថ្លៃជាងម៉ូដែលដែលចេញកាលពីឆ្នាំមុន។ បើយោងតាម Quandt បានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងដាក់លក់ទូរស័ព្ទត្រកូល Galaxy S22 Ultra នៅសហភាពអឺរ៉ុបក្នុងតម្លៃ €1249 ជាមួយនឹងទំហំរ៉េម 8GB ដែលវាមានតម្លៃដូចគ្នាទៅនឹងទូរស័ព្ទត្រកូល Galaxy S21 Ultra ដែលចេញកាលពីឆ្នាំមុន ប៉ុន្តែវាមានទំហំរ៉េមច្រើនជាងរហូតដល់ទៅ 12GB។

បើសិនជាអ្នកប្រើប្រាស់ចង់បាននូវទំហំរ៉េម 12GB និងអង្គផ្ទុកទិន្នន័យ 256GB នោះអ្នកនឹងតម្រូវឱ្យចាយប្រាក់បន្ថែមប្រមាណជា €100 ទៀត៕


ប្រភព÷ Engadget

Post a Comment

To Top