Samsung Galaxy S21 FE 5G÷ ជាទូរស័ព្ទដែលមានលក្ខណៈសម្បត្តិស្រដៀងទៅនឹង Samsung Galaxy S21 ធម្មតាដែរ (Specs Review)
សម្រាប់ជាការចាប់ផ្តើមដំបូងនៃឆ្នាំ២០២២ ក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទ Samsung Galaxy S21 FE 5G ជាផ្លូវការនៅថ្ងៃទី០៧ ខែមករា ជាមួយនឹងកម្លាំងម៉ាសុីនដ៏គួរឱ្យចាប់អារម្មណ៍។ បើសិនជាអ្នកមានចំណាប់អារម្មណ៍ទៅលើទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Samsung មួយនេះ អ្នកអាចអានពីលក្ខណៈសម្បត្តិរបស់វាសិនក៏បាន មុនពេលដែលអ្នកសម្រេចចិត្តទិញវា។
ចាប់ផ្តើមដំបូងពីអេក្រង់មុនគេ ទូរស័ព្ទដែលមានត្រកូល S21 FE 5G មួយនេះបំពាក់មកជាមួយប្រភេទអេក្រង់ Dynamic AMOLED 2X ដែលមានទំហំ 6.4អុីញ និងមានកម្រិតបង្ហាញរូបភាព 1080×2400 ភីចសែល។ អេក្រង់ Dynamic AMOLED មួយនេះក៏អាចទ្រទ្រង់នូវបច្ចេកវិទ្យា HDR10+ និងមានល្បឿនអូសអេក្រង់ 120Hz ទៀតផង។ អេក្រង់គុណភាពថ្លៃមួយនេះ ក៏ក្រាលមកបន្ថែមជាមួយកញ្ចក់ការពារ Corning Gorilla Glass Victus ដែលអាចជួយការពារពីភាពសឹកឆ្កូត និងពីការធ្លាក់ពីលើទីទាបបានផងដែរ។
ចូលមកកាន់ផ្នែកកម្លាំងម៉ាសុីនវិញ ទូរស័ព្ទ Samsung Galaxy S21 FE 5G បំពាក់មកជាមួយនឹងជម្រើសបន្ទះឈីបពីរប្រភេទ (អាស្រ័យលើទីផ្សារ) ដែលបន្ទះឈីបទីមួយ ក្រុមហ៊ុន Samsung បានជ្រើសយកបន្ទះឈីប Qualcomm SM8350 Snapdragon 888 5G ទំហំ 5nm និងបន្ទះឈីបមួយប្រភេទទៀត គឺជាបន្ទះឈីបដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Samsung ផ្ទាល់តែម្តងគឺ Exynos 2100 ដែលមានទំហំ 5nm ដូចគ្នា។ ចំណែកឯបន្ទះ GPU វិញក៏បំពាក់មកចំនួនពីរប្រភេទដូចគ្នាដែរ ដែលមួយបំពាក់មកជាមួយ GPU Adreno 660 និងមួយទៀតបំពាក់មកជាមួយប្រភេទ GPU Mali-G78។
ទូរស័ព្ទនេះ នឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនចំនួនបីជម្រើស ដែលមានដូចខាងក្រោម÷
_ ជម្រើសទីមួយមានរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យ 128GB
_ ជម្រើសទីពីរមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128G
_ និងជម្រើសទីបីមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB (គ្រាប់ម៉ូដែលទាំងអស់មិនមានរន្ធសម្រាប់បន្ថែម SD card នោះទេ)។
ចំណែកឯប្រព័ន្ធដំណើរ ទូរស័ព្ទមួយនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ ONE UI 4។ ទូរស័ព្ទនេះដែរ ក៏បំពាក់មកជាមួយបច្ចេកវិទ្យា Bluetooth 5.0 និងអាចសាកបញ្ចូលថ្មតាមតាមរយ:ឌុយសាក USB Type-C ផងដែរ។
ក្រឡែកមកមើលផ្នែកកាមេរ៉ានៅខាងក្រោយវិញ ទូរស័ព្ទ Samsung Galaxy S21 FE 5G បំពាក់មកជាមួយកញ្ចប់កាមេរ៉ាក្រោយចំនួនបីគ្រាប់ដែលមាន÷
_ លេនកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែល ជាលេនគោល (ដើរតួជាលេនទូលាយផងដែរ)
_ លេនកាមេរ៉ាទំហំ 8 មេហ្កាភិចស៊ែល ជាលេន Telephoto (សម្រាប់ថតហ្សូម)
_ និងលេនកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែល មួយគ្រាប់ទៀត ដែលអាចថតរូបភាពបានទូលាយខ្លាំង (ultrawide)។ កាមេរ៉ាទាំងបីនេះ មានសមត្ថភាពអាចថតវីដេអូបានក្នុងកម្រិត 4K@30/60fps និង 1080p@30/60fps។
ចំពោះកាមេរ៉ាស៊ែលហ្វីខាងមុខវិញ ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung មួយនេះ បំពាក់មកជាមួយកាមេរ៉ាមុខតែមួយគ្រាប់ប៉ុណ្ណោះ ដែលមានទំហំ 32 មេហ្កាភិចស៊ែល និងអាចថតវីដេអូបានក្នុងកម្រិត 4K@30/60fps។
ទូរស័ព្ទនេះដែរ បំពាក់មកជាមួយនឹងកម្លាំងថាមពលថ្មទំហំ 4500mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 25W តាមរយៈខ្សែសាក និងកម្លាំងសាក 15W សម្រាប់ការសាកដោយមិនប្រើខ្សែផងដែរ។ បើយោងតាមការផ្សាយរបស់ក្រុមហ៊ុន Samsung បានបង្ហាញថា វាអាចបញ្ចូលទឹកវិញបានពី 0 ដល់ 50% ត្រឹមតែរយៈពេល 30 នាទីប៉ុណ្ណោះ៕
ប្រភព Specs÷ GSMArena
Post a Comment