ក្រុមហ៊ុន Samsung បានដាក់បង្ហាញបន្ទះឈីប Exynos 2200 របស់ខ្លួនជាផ្លូវការហើយ
ក្រុមហ៊ុន Samsung បានប្រកាសចេញបន្ទះឈីបទូរស័ព្ទដែលផលិតចេញពីផ្ទះរបស់ខ្លួនគឺ Exynos 2200។ បន្ទះឈីបមួយនេះ នឹងក្លាយជាបន្ទះឈីបទូរស័ព្ទដំបូងគេបង្អស់ ដែលមានបំពាក់មកជាមួយប្រភេទ GPU ដែលជាស្ថាបត្យកម្មក្រាហ្វិក RDNA 2 របស់ក្រុមហ៊ុន AMD ដែលមានបូករួមជាមួយនឹងបច្ចេកវិទ្យា Ray Tracing។
ការចាប់ដៃគូរសហការជាមួយនឹងក្រុមហ៊ុន AMD នេះមិនមែនជាលើកទីមួយសម្រាប់ក្រុមហ៊ុន Samsung នោះទេ ដោយក្រុមហ៊ុនទាំងពីរបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៩ ម្តងរួចមកហើយ ដោយពេលនោះក្រុមហ៊ុន AMD ក៏បានបង្ហើបពីការមកដល់នៃទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលនឹងមានបំពាក់មកជាមួយស្ថាបត្យកម្ម RDNA 2 ផងដែរ។
បន្ទះឈីប Exynos 2200 ត្រូវបានផលិតឡើងនៅលើដំណើរការ 4nm EUV (manufactured on Samsung's 4nm EUV process) របស់ក្រុមហ៊ុន Samsung។ ក្រុមហ៊ុន Samsung បានឱ្យឈ្មោះ GPU នេះថា Xclipse និងសម្រាប់ GPU SVP of Radeon របស់ក្រុមហ៊ុន AMD វិញត្រូវបានលោក David Wang និយាយថា នេះគឺជាសមិទ្ធផលដំបូង នៃគម្រោងដាក់បញ្ចូលបន្ទះក្រាហ្វិក RDNA ទៅក្នុងបន្ទះឈីប Exynos SoCs។
ការបញ្ចេញបន្ទះឈីបខ្លាំងដែលបង្កើតឡើងចេញពីផ្ទះរបស់ខ្លួនឯងមួយនេះ អាចជាសញ្ញាបង្ហាញថា នាពេលខាងមុខក្រុមហ៊ុន Samsung អាចនឹងងាកមកប្រើប្រាស់បន្ទះឈីបផ្ទាល់ខ្លួនជំនួសឱ្យបន្ទះឈីបរបស់ក្រុមហ៊ុន Qualcomm វិញ ដែលស្រដៀងទៅនឹងក្រុមហ៊ុន Apple ដែលប្រើប្រាស់បន្ទះឈីប Bionic របស់ខ្លួនផ្ទាល់អញ្ចឹងដែរ៕
ប្រភព÷ The Verge
Post a Comment