បែកធ្លាយពីរូបភាព លក្ខណៈសម្បត្តិ និងតម្លៃរបស់ទូរស័ព្ទត្រកូល S22
ក្រុមហ៊ុន Samsung នឹងធ្វើការដាក់បង្ហាញសមិទ្ធផលឧបករណ៍អេឡិចត្រូនិករបស់ខ្លួនជាផ្លូវការនៅថ្ងៃទី០៩ ខែកុម្ភៈ ដែលក្រុមហ៊ុនឱ្យឈ្មោះថាព្រឹត្តិការណ៍ Galaxy Unpacked (ចុចលើតំណភ្ជាប់មួយនេះ ដើម្បីអានអត្ថបទទាក់ទង)។ ព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន Samsung មួយនេះក៏នឹងមានវត្តមានទូរស័ព្ទត្រកូល S22 ផងដែរ។
ខ្សែស្រឡាយទូរស័ព្ទដែលស្ថិតនៅក្នុងរ៉ាដារបស់អ្នកគាំទ្រនោះគឺធ្លាក់ទៅលើទូរស័ព្ទត្រកូល Galaxy S22 ដែលមានចំនួនបីម៉ូដែល ដែលមានដូចជា Samsung Galaxy S22, Galaxy S22+ និង Galaxy S22 Ultra។ យើងក៏ធ្លាប់ទទួលបាននូវរូបភាព ក៏ដូចជាលក្ខណៈសម្បត្តិមួយចំនួនរបស់ទូរស័ព្ទទាំងបីម៉ូដែលខាងលើដែរ ប៉ុន្តែសម្រាប់ការលេចធ្លាយលើកនេះ បានបង្ហាញច្បាស់ៗនូវរូបភាពរបស់វា ក៏ដូចជាលក្ខណៈសម្បត្តិពិតប្រាកដផងដែរ។
ទូរស័ព្ទ Samsung Galaxy S22
ទូរស័ព្ទកូនពៅនៃត្រកូល S22 មួយនេះ នឹងបំពាក់មកជាមួយអេក្រង់ទំហំ 6.1 អុីញ ដែលជាប្រភេទបន្ទះអេក្រង់ Dynamic AMOLED 2X និងមានកម្រិតបង្ហាញ 2340×1080px។ អេក្រង់ Dynamic AMOLED 2X នេះដែរក៏មានបំពាក់មកជាមួយបច្ចេកវិទ្យាអូសអេក្រង់ល្បឿន 120Hz បូករួមជាមួយនឹងកម្រិតពន្លឺ 1500 nits។ ដើម្បីជាអាវក្រោះការពារអេក្រង់តម្លៃថ្លៃមួយនេះបាន ក្រុមហ៊ុន Samsung បានបំពាក់នូវកញ្ចក់ការពារ Gorilla Glass Victus ដែលអាចការពារពីការសឹកឆ្កូត ឬ ធ្លាក់ពីទីទាបបានផងដែរ។
ទូរស័ព្ទ Samsung Galaxy S22 នឹងប្រើប្រាស់ជាមួយបន្ទះឈីប Exynos 2200 ទំហំ 4nm ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ octa-core និងមានទំហំរ៉េម 8GB។ បន្ថែមពីក្នុងបន្ទះឈីប Exynos វាក៏ប្រើប្រាស់នូវប្រភេទបន្ទះក្រាហ្វិក AMD RDNA 2 ផងដែរ។ ទូរស័ព្ទមួយនេះ នឹងភ្ជាប់មកជាមួយបច្ចេកវិទ្យា WiFi 6, Bluetooth 5.2 និងបន្ទះសេវ៉ា 5G។
ចំពោះផ្នែកកាមេរ៉ាវិញ ទូរស័ព្ទ Samsung Galaxy S22 នឹងបំពាក់មកជាមួយកញ្ចប់កាមេរ៉ាបីគ្រាប់ខាងក្រោយ ដែលមាន÷
_ លេនកាមេរ៉ាគោលទំហំ 50 មេហ្កាភិចស៊ែល
_ លេនកាមេរ៉ាថតរូបភាពបានទូលាយខ្លាំង (Ultrawide) ទំហំ 12 មេហ្កាភិចស៊ែល
_ និងលេនកាមេរ៉ា Telephoto 3x ទំហំ 10 មេហ្កាភិចស៊ែល។
ចំណែកឯកាមេរ៉ាមុខវិញ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាទម្លុះអេក្រង់មួយគ្រាប់ ដែលមានទំហំ 10 មេហ្កាភិចស៊ែល។
សម្រាប់កម្លាំងថាមពលថ្ម វាអាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 3,700mAh ដែលអាចសាកបញ្ចូលទឹកវិញបានតាមរយៈខ្សែសាក និងឥតខ្សែ។
ក្រុមហ៊ុន Samsung នឹងដាក់លក់ទូរស័ព្ទ Samsung Galaxy S22 ក្នុងតម្លៃ €849 សម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB និងតម្លៃ €899 សម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 256GB។
ទូរស័ព្ទ Samsung Galaxy S22+
ចូលមកកាន់ទូរស័ព្ទដៃកូនកណ្តាលម្តង ដោយទូរស័ព្ទ Samsung Galaxy S22+ មិនមានលក្ខណៈសម្បត្តិអ្វីខុសគ្នាច្រើនពីទូរស័ព្ទ Samsung Galaxy S22 នោះទេ ដោយវាគ្រាន់តែមានទំហំថាមពលថ្ម និងអេក្រង់ធំជាងប៉ុណ្ណោះ។
ទូរស័ព្ទ Samsung Galaxy S22+ ប្រើប្រាស់នូវប្រភេទអេក្រង់តែមួយដូចទៅនឹងទូរស័ព្ទ Samsung Galaxy S22 ដែរ ក៏ប៉ុន្តែចំពោះទំហំអេក្រង់ ទូរស័ព្ទមួយនេះមានអេក្រង់ទំហំ 6.6អុីញ ដែលមានកម្រិតពន្លឺ 1750 nits។ ចំណែកឯកម្រិតបង្ហាញរូបភាព អាវក្រោះការពារ និងល្បឿនអូសអេក្រង់ ទូរស័ព្ទទាំងពីរនេះមានលក្ខណៈគ្នាទាំងអស់។
សម្រាប់កម្លាំងថាមពលថ្ម ទូរស័ព្ទ Samsung Galaxy S22+ មានកម្លាំងថាមពលថ្មទំហំ 4,500mAh ដែលធំជាងកម្លាំងថាមពលថ្មរបស់ទូរស័ព្ទ Samsung Galaxy S22 800mAh។
ចំពោះកាមេរ៉ា និងបន្ទះឈីប ទូរស័ព្ទទាំងពីរនេះមានលក្ខណៈសម្បត្តិដូចគ្នាទាំងអស់តែសម្រាប់តម្លៃវិញមិនដូចគ្នាទេ ដោយក្រុមហ៊ុន Samsung បានវៃចេញ ទូរស័ព្ទ Samsung Galaxy S22+ ក្នុងតម្លៃ €1,049 ចំពោះម៉ូដែលដែលមានរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB និងតម្លៃ €1,099 សម្រាប់ម៉ូដែលដែលមានរ៉េម 8GB ដូចគ្នា ប៉ុន្តែមានទំហំអង្គផ្ទុកទិន្នន័យ 256GB។
ទូរស័ព្ទ Samsung Galaxy S22 Ultra
ចូលមកដល់ទូរស័ព្ទកូនបងគេវិញម្តង ដោយទូរស័ព្ទ Samsung Galaxy S22 Ultra នឹងប្រើប្រាស់ជាមួយបន្ទះអេក្រង់ Dynamic AMOLED 2X ដូចប្អូនៗរបស់គេដែរ ប៉ុន្តែអេក្រង់មួយនេះមានទំហំរហូតដល់ 6.8អុីញ និងមានកម្រិតបង្ហាញរូបភាព 3080x1440px។ ដូចទៅនឹងទូរស័ព្ទ Samsung Galaxy S22+ ខាងលើ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយល្បឿនអូសអេក្រង់ 120Hz និងមានកម្រិតពន្លឺ 1750 nits។ សម្រាប់អាវក្រោះការពារវិញ ទូរស័ព្ទ Samsung Galaxy S22 Ultra ក៏បំពាក់មកជាមួយកញ្ចក់ការពារ Gorilla Glass Victus ដូចទៅនឹងទូរស័ព្ទពីរម៉ូដែលខាងលើផងដែរ។
សម្រាប់គ្រឿងក្នុងរបស់កូនបងវិញ (Hardware) ទូរស័ព្ទមួយនេះអាចនឹងមានលក្ខណៈសម្បត្តិដូចទៅនឹងទូរស័ព្ទ Samsung Galaxy S22+ ដែរ ប៉ុន្តែបើយោងតាមពាក្យចចាមអារ៉ាម ចំណុចមួយចំនួនអាចនឹងត្រូវបានក្រុមហ៊ុន Samsung បង្កើនឱ្យមានសមត្ថភាពខ្លាំងជាងម៉ូដែលពីរខាងលើ។
ដូចទៅនឹងរូបភាពតួខ្លួនខាងក្រោយដែលយើងបានឃើញ ទូរស័ព្ទ Samsung Galaxy S22 Ultra នឹងបំពាក់មកជាមួយកញ្ចប់កាមេរ៉ាមិនមែនពីរគ្រាប់ បីគ្រាប់ ឬ បួនគ្រាប់ ប៉ុន្តែបំពាក់មករហូតដល់ទៅប្រាំគ្រាប់ ដែលមានដូចជា÷
_ លេនកាមេរ៉ាគោលមានទំហំរហូតដល់ទៅ 108 មេហ្កាភិចស៊ែល ដែលមាន OIS
_ លេនកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែលជាលេន Ultrawide (កោងខ្លាំង)
_ លេនកាមេរ៉ាទំហំ 10 មេហ្កាភិចស៊ែលចំនួនពីរ ដែលជាលេន Telephoto
_ និងចុងក្រោយគេគឺជាលេន Periscope 230mm ដែលមាន OIS។
ចំណែកឯកាមេរ៉ាស៊ែលហ្វីខាងមុខវិញ ទូរស័ព្ទមួយនេះនឹងបំពាក់មកជាមួយកាមេរ៉ាទម្លុះអេក្រង់ទំហំ 40 មេហ្កាភិចស៊ែល។
ទូរស័ព្ទ Samsung Galaxy S22 Ultra នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្ម 5,000mAh ហើយទូរស័ព្ទមួយនេះក៏នឹងភ្ជាប់មកជាមួយប៊ិច S Pen មកស្រាប់ផងដែរ។
ចំពោះតម្លៃវិញ ក្រុមហ៊ុន Samsung បិទផ្លាកនៅលើទូរស័ព្ទ Samsung Galaxy S22 Ultra ក្នុងតម្លៃ €1,249 សម្រាប់ម៉ូដែលដែលមានទំហំរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 128GB, €1,349 សម្រាប់ម៉ូដែលដែលមានទំហំរ៉េម 12GB និងអង្គផ្ទុកទិន្នន័យ 256GB និងតម្លៃ €1,449 សម្រាប់ម៉ូដែលដែលមានកម្លាំងម៉ាសុីនកប់បំផុតដោយមានរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 512GB៕
ប្រភព÷ GSMArena
Post a Comment