ច្បាស់ការហើយ ក្រុមហ៊ុន Samsung នឹងដាក់បង្ហាញព្រឹត្តិការណ៍ Galaxy Unpacked នៅថ្ងៃទី០៩ ខែកុម្ភៈ
ក្រុមហ៊ុន Samsung ធ្លាប់បានបង្ហើបពីការនឹងមកដល់នៃទូរស័ព្ទជំនាន់ក្រោយរបស់ខ្លួនរួចមកហើយ ប៉ុន្តែកាលពីថ្ងៃម្សិលមិញនេះ ក្រុមហ៊ុនបានបញ្ជាក់ពីថ្ងៃខែពិតប្រាកដថាខ្លួននឹងដាក់បង្ហាញផលិតផលអេឡិចត្រូនិករបស់ខ្លួននៅថ្ងៃទី០៩ ខែកុម្ភៈនេះ។
បន្ថែមពីនេះ ក្រុមហ៊ុន Samsung ក៏បាននិយាយផងដែរថា ទូរស័ព្ទដែលស្ថិតនៅក្នុងខ្សែស្រឡាយត្រកូល S នឹងក្លាយជាត្រកូលទូរស័ព្ទដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដែលពុំធ្លាប់មានពីមុនមក។
ក្រុមហ៊ុន Samsung នឹងធ្វើការផ្សាយបន្តផ្ទាល់អំពីព្រឹត្តិការណ៍ដាក់បង្ហាញផលិតផលទាំងអស់របស់ខ្លួន ដើម្បីអនុញ្ញាតឱ្យអ្នកគាំទ្រទាំងអស់ អាចយល់ដឹង និងទទួលបាននូវទស្សនីយភាពប្លែកភ្នែកពីផលិតផលថ្មីៗដែលក្រុមហ៊ុនទើបតែផលិតបាន។
ជាមួយគ្នានេះដែរ ក្រុមហ៊ុន Samsung ក៏បានបង្ហោះនូវវីដេអូមួយនៅក្នុងគណនីយូធូបផ្លូវការរបស់ខ្លួនដែលមានចំណងជើងថា “break through the night” និង “break the rules of light” ដែលជាការបង្ហាញពីទូរស័ព្ទត្រកូល Samsung Galaxy S។
បើយោងតាមគំនិតរបស់ខ្ញុំ (ដែលជាអ្នកកែសម្រួលអត្ថបទមួយនេះ) ចំពោះចំណងជើងនៃវីដេអូខាងលើ ក្រុមហ៊ុន Samsung អាចនឹងសំដៅទៅលើកាមេរ៉ាទូរស័ព្ទជំនាន់ថ្មីរបស់ខ្លួន ដោយឃ្លា “break through the night” អាចនឹងបង្ហាញពីការថតរូបភាពភ្លឺច្បាប់នាពេលយប់ និងឃ្លា “break the rules of light” អាចនឹងសំដៅទៅលើពន្លឺនៃកាមេរ៉ាទូរស័ព្ទរបស់ខ្លួនមានសភាពភ្លឺខ្លាំង ដែលជាជំនួយដល់ការថតរូបភាពឱ្យបានស្រស់ស្អាត។
ក្រុមហ៊ុន Samsung មិនបានបង្ហាញពីវត្តមានរបស់ទូរស័ព្ទម៉ូដែលផ្សេងទៀតនោះទេ ប៉ុន្តែបើយោងតាមព័ត៌មានលេចធ្លាយដែលយើងធ្លាប់ទទួលបានពីមុនមក ថេប្លេតត្រកូល Galaxy Tab S8 អាចនឹងមានវត្តមាននៅក្នុងព្រឹត្តិការណ៍ដ៏ធំរបស់ក្រុមហ៊ុន Samsung មួយនេះដែរ៕
ប្រភព÷ GSMArena
Post a Comment