ក្រុមហ៊ុន PayPal កំពុងតែប្រឈមមុខនឹងការប្តឹងផ្តល់ទៅលើការបង្អាក់គណនីរបស់អតិថិជន និងមិនព្រមផ្តល់ប្រាក់សំណងឱ្យវិញ
អ្នកប្រើប្រាស់កម្មវិធី PayPal ចំនួនបីនាក់បានធ្វើការដាក់ពាក្យបណ្តឹងទៅកាន់ក្រុមហ៊ុន PayPal បន្ទាប់ពីគណនីរបស់ពួកគេត្រូវបានបង្អាក់មិនឱ្យដំណើរការ និងក្រុមហ៊ុន PayPal មិនបានផ្តល់ប្រាក់សំណង (Funds) មកឱ្យពួកគេវិញ ដោយមិនមានប្រាប់ពីមូលហេតុ។
ដើមបណ្តឹងដែលជាអ្នកប្រើប្រាស់កម្មវិធីរបស់ក្រុមហ៊ុន PayPal ទាំងបីនាក់នោះ មានពីរនាក់មកពីរដ្ឋកាលីហ្វ័រញ៉ា និងម្នាក់ទៀតមកពីទីក្រុងឈីកាហ្គោ ដោយពួកគេទាំងបីនាក់បានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុន PayPal ថាក្រុមហ៊ុនមួយនេះ បានធ្វើការកេងចំណេញទៅលើចំនួនទឹកប្រាក់របស់ពួកគេនៅក្នុងគណនី PayPal និងបានបំពានទៅលើច្បាប់ Racketeering (ជាច្បាប់ស្តីពីការបំពានទៅលើទ្រព្យសម្បត្តិ ឬការគ្រប់គ្រងទៅលើការរកស៊ីណាមួយដែលខុសទៅនឹងច្បាប់របស់សហរដ្ឋអាមេរិក)។
ក្នុងចំណោមដើមបណ្ដឹងទាំងបីនាក់នោះ មានអ្នកប្រើប្រាស់ជាស្រ្តីម្នាក់ដែលមានឈ្មោះថា Lena Evans ដែលនាងបានប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន PayPal អស់រយៈពេលជាង 22 ឆ្នាំមកហើយ។ Evans បាននិយាយថា ក្រុមហ៊ុន PayPal បានធ្វើការរឹបអូសចំនួនទឹកប្រាក់នៅក្នុងគណនីរបស់នាងប្រមាណជា $26,984 បន្ទាប់ពីគណនីរបស់នាងត្រូវបានជាប់គាំងអស់រយ:ពេល ៦ ខែ ដោយក្រុមហ៊ុនមិនបានប្រាប់ពីមូលហេតុនៃការធ្វើដូចច្នេះទៅលើគណនីរបស់នាងឡើយ។
ដើមបណ្តឹងម្នាក់ទៀតមានឈ្មោះថា Roni Shemtov ដែលនាងបាននិយាយថា ក្រុមហ៊ុន PayPal បានធ្វើការរឹបអូសទឹកប្រាក់នៅក្នុងគណនី PayPal របស់នាងប្រមាណជា $42,000 ហើយនាងក៏មិនទទួលបានហេតុផលណាមួយចេញពីក្រុមហ៊ុន PayPal ដែលក្រុមហ៊ុនបានធ្វើការបិទគណនីរបស់នាងដែរ។
Roni Shemtov ក៏បានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន PayPal ផងដែរ ប៉ុន្តែអ្នកបម្រើការរបស់ក្រុមហ៊ុន PayPal បាននិយាយពន្យល់ពីបញ្ហាមិនសមស្របមួយចំនួនដូចខាងក្រោម ដែលនាងមិនអាចទទួលយកបាន÷
_ បុគ្គលិកបម្រើការរបស់ក្រុមហ៊ុន PayPal ម្នាក់បាននិយាយថា ដោយសារតែនាងបានប្រើប្រាស់ IP និងកំព្យូទ័រដូចគ្នាទៅនឹងអ្នកប្រើប្រាស់គណនី PayPal ផ្សេងទៀត
_ រីឯម្នាក់ទៀតបាននិយាយថា ដោយសារតែនាងបានលក់ឈុត Yoga នៅក្នុងតម្លៃទាបជាងតម្លៃទីផ្សារពី 20% ទៅ 30%
_ ចំណែកឯម្នាក់ចុងក្រោយបាននិយាយថា ដោយសារតែនាងបានបង្កើត និងប្រើប្រាស់គណនី PayPal ច្រើនពេក។
ចំពោះដើមបណ្ដឹងទីបីវិញ បានទទួលការខាតបង់ច្រើនជាងដើមបណ្តឹងពីរខាងលើ ដោយលោក Shbadan Akylbekov បាននិយាយថា ក្រុមហ៊ុន PayPal បានធ្វើការរឹបអូសទឹកប្រាក់ប្រមាណជាជាង $172,000 ពីគណនី PayPal របស់លោក ដោយមិនបានប្រាប់ពីមូលហេតុដូចទៅនឹងដើមបណ្តឹងខាងលើដែរ។
ក្រុមហ៊ុន PayPal បានធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួនមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីពួកគេបានជួបនឹងរឿងទាំងអស់នោះ។ ក្រុមហ៊ុន PayPal មិនបានធ្វើការឆ្លើយតបទៅលើបញ្ហានោះនៅឡើយទេ ដូចនេះយើងមានតែចាំតាមដានបន្តនាពេលក្រោយ៕
ប្រភព÷ Engadget
Post a Comment