រូបភាពខ្នងខាងក្រោយដែលជាកញ្ចក់ថ្លារបស់ទូរស័ព្ទ Oppo Find X5 Pro ត្រូវបានបង្ហោះនៅលើបណ្ដាញអ៊ីនធើណែត
កាលពីដើមសប្ដាហ៍នេះ យើងធ្លាប់ទទួលបាននូវរូបភាពបែកធ្លាយមួយចំនួនរបស់ទូរស័ព្ទ Oppo Find X5 Pro ដែលជារូបភាព Render បែកធ្លាយ។ រូបភាពកន្លងទៅ បានបង្ហាញពីតួខ្នងខាងក្រោយរបស់ទូរស័ព្ទមួយនេះជាពណ៌ស Ceramic ប៉ុន្តែសម្រាប់រូបភាពថ្មីៗដែលយើងទើបតែទទួលបាន វាបានបង្ហាញនូវចំណាំងផ្លាតនៃតួខ្លួនខាងក្រោយរបស់ទូរស័ព្ទ Oppo Find X5 Pro ដែលស្រដៀងទៅនឹងកញ្ចក់។
រូបភាពទាំងនេះ មិនបានបង្ហាញពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទត្រកូល Find X5 Pro មួយនេះនោះទេ ប៉ុន្តែបើយោងតាមប្រភពព័ត៌មានបែកធ្លាយដែលយើងទទួលបានពីមុនមក ទូរស័ព្ទមួយនេះអាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ បូករួមជាមួយនឹងបន្ទះឈីប MariSilicon X NPU ទំហំ 6nm ដែលជាជំនួយដល់ការថតរូបភាព និងវីដេអូផងដែរ។
បន្ថែមពីនេះ ទូរស័ព្ទជំនាន់ថ្មីរបស់ក្រុមហ៊ុន Oppo មួយនេះក៏នឹងបំពាក់មកជាមួយរ៉េមទំហំ 12GB (អាចបង្កើនបន្ថែមបាន 3GB) និងទំហំអង្គផ្ទុកទិន្នន័យ 256GB។ សម្រាប់ប្រព័ន្ធដំណើរការវិញ វាអាចនឹងដំណើរការនៅលើផ្ទៃប្រើប្រាស់ ColorOS 12.1 ដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Oppo ផ្ទាល់។
ខ្សែស្រឡាយនៃទូរស័ព្ទ Oppo Find X5 អាចនឹងមកដល់នៅចុងខែកុម្ភៈ ដែលវាអាចនឹងបង្ហាញខ្លួនជាផ្លូវការចំនួនបីម៉ូដែល ដែលមាន ម៉ូដែល Find X5, Find X5 Lite និង Find X5 Pro៕
ប្រភព÷ GSMArena
Post a Comment