ទូរស័ព្ទ Oppo Find X5 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000
យើងធ្លាប់ទទួលបាននូវពាក្យចចាមអារ៉ាមថា ទូរស័ព្ទ Oppo Find X5 Pro នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ ហើយនៅថ្ងៃនេះ យើងក៏បានទទួលនូវព័ត៌មានបន្ថែមផងដែរថា ទូរស័ព្ទ vanilla Find X5 នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 9000។
ទូរស័ព្ទ Oppo Find X3 ម៉ូដែលមុន ត្រូវបានបំពាក់មកជាមួយបន្ទះឈីបកម្រិតមធ្យមរបស់ក្រុមហ៊ុន Qualcomm គឺបន្ទះឈីប Snapdragon 870 ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះ ក្រុមហ៊ុន Oppo បានជ្រើសយកបន្ទះឈីបទំហំ 4nm របស់ក្រុមហ៊ុន MediaTek វិញម្តង។ ជាមួយនឹងបន្ទះឈីប Dimensity 9000 នេះក៏មាននូវភស្តុតាងមួយចំនួនបានបង្ហាញផងដែរថា បន្ទះ CPU របស់វាមានល្បឿនលឿនជាង CPU របស់បន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ ប៉ុន្តែសម្រាប់បន្ទះ GPU វិញ វាមានល្បឿនលឿនមិនដល់បន្ទះ GPU នៃឈីប Snapdragon 8 ជំនាន់ទីមួយនោះទេ។
សម្រាប់កញ្ចប់កាមេរ៉ាវិញ ក្រុមហ៊ុន Oppo បាននិយាយថា ទូរស័ព្ទ Oppo Find X5 អាចនឹងបំពាក់មកជាមួយកាមេរ៉ាខាងក្រោយចំនួនបីគ្រាប់ ដែលពីរគ្រាប់មានទំហំ 50 មេហ្កាភិចស៊ែល និងមួយគ្រាប់ទៀតមានទំហំ 13 មេហ្កាភិចស៊ែល។ ចំពោះម៉ូដែល Pro យើងមិនអាចប្រាកដបានថា វាអាចនឹងប្រើប្រាស់កាមេរ៉ាដូចគ្នា ឬក៏អត់នោះទេ។
ទូរស័ព្ទ Oppo Find X5 ត្រូវបានគេរំពឹងថា វាអាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh និងបន្ថែមពីនេះ វាក៏អាចទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W តាមរយៈខ្សែសាក, 50W សម្រាប់ការសាកថ្មឥតខ្សែ និងកម្លាំង 10W សម្រាប់ការសាកថ្មទៅកាន់ឧបករណ៍ដ៏ទៃទៀតផងដែរ (10W Reverse Wireless Charging)៕
ប្រភព÷ GSMArena
Post a Comment