ក្រុមហ៊ុន Microsoft បានបញ្ចេញ Xbox Tiger Series S ដែលមានការរចនារូបខ្លា ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំចិន

ដើម្បីអបអរដល់ពិធីបុណ្យចូលឆ្នាំចិន ក្រុមហ៊ុន Microsoft បានបញ្ចេញនូវឧបករណ៍ខនសូលហ្គេមរបស់ខ្លួនដែលស្ថិតនៅក្នុងត្រកូល Xbox Series S ប៉ុន្តែវាខុសប្លែកពី Xbox Series S ធម្មតា ដោយសារតែវានឹងនាំមកជាមួយការរចនារូបខ្លា ដែលក្រុមហ៊ុនឱ្យឈ្មោះថា Tiger Xbox Series S។

ការរចនានូវខនសូល Xbox Series S មួយនេះ ត្រូវបានធ្វើការរចនាលាបពណ៌ដោយយកលំនាំតាមពណ៌នៃការនាំសំណាងរបស់ប្រពៃណីជនជាតិចិន ដែលមានពណ៌ក្រហម និងពណ៌មាស បូករួមជាមួយនឹងគំនូរសត្វខ្លាទឹកខ្មៅ ដែលគូរដោយវិចិត្រករ Bu2ma (Bu-er-ma)។

ជាដំណឹងល្អសម្រាប់អ្នកដែលចង់បាននូវខនសូលហ្គេមមួយនេះ ដោយក្រុមហ៊ុន Microsoft នឹងធ្វើការផ្តល់ជូនខនសូលហ្គេម Tiger Xbox Series S ចំនួន 15 គ្រឿងដោយឥតគិតថ្លៃ ហើយអ្នកអាចមានឱកាសឈ្នះរង្វាន់ខនសូលហ្គេមនេះបាន តាមរយៈការចាប់ឆ្នោតជាផ្លូវការដែលនឹងប្រព្រឹត្តទៅនៅលើ Wechat និង bilibili។

សម្រាប់ថ្ងៃដាក់លក់ និងចាប់រង្វាន់ជាផ្លូវការ ក្រុមហ៊ុន Microsoft មិនទាន់បានបញ្ជាក់នៅឡើយទេ ប៉ុន្តែវាអាចនឹងបង្ហាញខ្លួនមុនពិធីបុណ្យចូលឆ្នាំចិន ឬ ទន្ទឹមនឹងពេលពិធីបុណ្យចូលឆ្នាំចិនប្រព្រឹត្តទៅ៕


ប្រភព÷ GSMArena

Post a Comment

To Top