ក្រុមហ៊ុន Meta បានដាក់បញ្ចូលមុខងារ end-to-end encrypted chats នៅក្នុងកម្មវិធី Messenger របស់ខ្លួន

នៅថ្ងៃនេះក្រុមហ៊ុន Meta (Facebook) បានបន្ថែមនូវមុខងារថ្មីមួយចំនួនចូលទៅក្នុងកម្មវិធី Messenger របស់ខ្លួន ដែលមានបញ្ចូលបន្ថែមជាមួយមុខងារ end-to-end encrypted chats (end-to-end encrypted chats គឺជាមុខងារដែលជួយការពារសាររបស់អ្នកមិនឱ្យលេចធ្លាយព័ត៌មានទៅខាងក្រៅក៏ដូចជារក្សាទុកសារទាំងអស់នោះ រហូតដល់សារនោះបានផ្ញើទៅឱ្យអ្នកប្រើប្រាស់ដែលអ្នកបានផ្ញើទៅ)។ 

ដើម្បីអាចបើកដំណើរការនូវមុខងារ end-to-end encrypted chats បានអ្នកត្រូវតែចូលទៅកំណត់នៅក្នុង Setting របស់កម្មវិធី ដោយវាពុំមានភ្ជាប់មកស្រាប់ដូចកម្មវិធី WhatsApp នោះទេ។


បើសិនជាអ្នកចូលចិត្តការជជែកលេងកម្សាន្តជាមួយមិត្តភក្តិ ឬ ការផ្ញើសារជាអក្សរ, Voice សម្លេង, វីដេអូខល ឬ ការផ្ញើរូបភាព វីដេអូតាមកម្មវិធី Messenger អ្នកនឹងសប្បាយចិត្តជាមួយមុខងារថ្មីខាងលើនេះ ដោយអ្នកនឹងអស់ការបារម្ភទៅលើការបែកធ្លាយឆាត សារ សម្លេង ឬ រូបភាពដែលអ្នកបានផ្ញើទៅកាន់មិត្តភក្តិ ក្រុមគ្រួសាររបស់អ្នក ឬ អ្នកប្រើប្រាស់ដ៏ទៃទៀត ដោយមុខងារនេះនឹងធ្វើការបិទខ្ទប់សារទាំងអស់នោះ មិនឱ្យមានការបែកធ្លាយឡើយ។

បន្ថែមពីនេះ មុខងារខាងលើ ក៏ដើរតួនាទីក្នុងការរក្សាទុកនូវឆាតទាំងអស់របស់អ្នកផងដែរ ដោយនៅពេលដែលអ្នកបើកដំណើរការមុខងារនេះ គឺមានតែអ្នកប៉ុណ្ណោះដែលអាចមើលឃើញឆាតទាំងអស់ដែលអ្នកបានរក្សាទុកតាមរយៈមុខងារ end-to-end encrypted chats បាន។

នៅពេលដែលអ្នកបើកដំណើរការនូវមុខងារ end-to-end encrypted chats កម្មវិធី Messenger នឹងធ្វើការផ្តល់សារជូនដំណឹងដល់អ្នកនៅពេលដែលមាននរណាម្នាក់បានធ្វើការ Screenshot នូវឆាតរបស់អ្នក (សំដៅលើអ្នកប្រើប្រាស់ដែលអ្នកបានឆាតជាមួយ)។ លើសពីនេះទៅទៀត អ្នកក៏អាចផ្ញើរូប Stickers, GIFs, Reaction ទៅលើសារ និងធ្វើការតបសារ ក៏ដូចជាផ្ញើសារបន្តនៅក្នុងមុខងារ end-to-end encrypted chats បានទៀតផង។

សម្រាប់គណនីដែលមានសញ្ញាថិច (Verified Account) កម្មវិធី Messenger នឹងធ្វើការបង្ហាញសារ end-to-end encrypted chats ទាំងអស់របស់អ្នក ហើយអ្នកក៏អាចរក្សាទុកនូវរូបភាព ឬ វីដេអូដោយគ្រាន់តែអ្នកចុចទៅលើវាឱ្យជាប់ជាការស្រេច៕


ប្រភព÷ GSMArena


Post a Comment

To Top