នាយកដ្ឋានប៉ូលីសប្រចាំរដ្ឋ Los Angeles បានបណ្ដេញមន្រ្តីប៉ូលីសពីរនាក់ចេញពីការងារ បន្ទាប់ពីពួកគេជ្រើសយកការលេងហ្គេម 'Pokémon Go' ជាសជាងការអើពើទៅលើការចាប់ចោរដែលកំពុងលួច

ហ្គេម Pokémon Go បានទទួលកេរ្តិ៍ឈ្មោះមិនល្អដោយចាប់ផ្តើមដំបូងពីមន្រ្តីប៉ូលីសពីរនាក់។ បើយោងតាមសារព័ត៌មាន BBC News បានឱ្យដឹងថា ទីស្នាក់ការប៉ូលីស LAPD (Los Angeles Police Department) បានបណ្ដេញមន្ត្រីប៉ូលីសពីរនាក់ចេញពីការងារ បន្ទាប់ពីពួកគេទាំងពីរមិនបានអើពើនឹងការប្លន់ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៧។

ដំណើររឿងនេះប្រព្រឹត្តទៅដំបូងដោយមន្ត្រីប៉ូលីសពីរនាក់ដែលមានឈ្មោះថា Louis Lozano និង Eric Mitchell ដែលមន្ត្រីទាំងពីរនាក់នេះ បានទទួលការរាយការណ៍ពីវិទ្យុទាក់ទងដោយក្រុមប៉ូលីសប្រចាំផ្សារ Crenshaw Mall ត្រូវការជំនួយបន្ថែមដើម្បីទប់ស្កាត់ និងឃាត់ខ្លួនចោរលួចដែលកំពុងប្រព្រឹត្តទៅនៅក្នុងហាង Macy មួយកន្លែង។ បន្ទាប់ពីទទួលបានការស្នើសុំជំនួយហើយ មន្ត្រីប៉ូលីសទាំងពីរនាក់នោះមិនបានធ្វើតាមតួនាទីការងាររបស់ខ្លួននោះទេ ដោយផ្ទុយទៅវិញ ពួកគេបែជាចំណាយពេល 20 នាទីដើម្បីជិះតាមចាប់ Snorlax នៅក្នុងហ្គេម Pokémon Go ទៅវិញ (Pokémon Go គឺជាហ្គេមមួយប្រភេទដែលតម្រូវឱ្យអ្នកប្រើប្រាស់តាមចាប់ តួរអង្គតុក្កតាដែលជា Pokémon នៅតាមទីកន្លែងដែលហ្គេមនេះបានកំណត់)។

បន្ទាប់ពីទទួលបានការចោទប្រកាន់ពីទីស្នាក់ការប៉ូលីស LAPD ហើយ មន្ត្រីប៉ូលីសទាំងពីរនាក់នោះបានធ្វើការបដិសេធដោយពួកគេគ្រាន់តែនិយាយគ្នាអំពីហ្គេម Pokémon Go តែប៉ុណ្ណោះ ពួកគេមិនបានលេងវានោះទេ ប៉ុន្តែបើយោងតាមវីដេអូដែលថតបានដោយកាមេរ៉ា ដែលមានបំពាក់នៅក្នុងរថយន្តប៉ូលីសដែលពួកគេបានជិះនោះបានបង្ហាញថា ពួកគេបានលឺក៏ដូចជាបានពិភាក្សាពីករណីចោរប្លន់ដែលត្រូវបានរាយការណ៍តាមរយ:វិទ្យុទាក់ទង  ប៉ុន្តែពួកគេបែជាធ្វើមិនអើពើទៅលើបញ្ហានោះទៅវិញ។

បន្ទាប់ពីរឿងទាំងអស់នេះបានកើតឡើងហើយ Niantic ដែលជាក្រុមហ៊ុនបង្កើតហ្គេម Pokémon Go បានបញ្ចេញនូវបម្រាមហាមឃាត់ថ្មី ដោយមិនអនុញ្ញាតឱ្យមានអ្នកលេងហ្គេមនេះនៅពេលកំពុងបើកបរឡើយ៕


ប្រភព÷ Engadget

Post a Comment

To Top