ទូរស័ព្ទ iPhone 14 ទាំងបួនម៉ូដែល អាចនឹងមានល្បឿនអូសអេក្រង់ 120Hz និងមានទំហំ Ram 6GB
ទូរស័ព្ទត្រកូល iPhone 14 ដែលនឹងត្រូវបញ្ចេញលក់នៅឆ្នាំនេះត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple អាចនឹងបញ្ចេញលក់ជាផ្លូវការនៅក្នុងរដូវស្លឹកឈើជ្រុះ ដែលមកជាមួយទូរស័ព្ទចំនួនបួនម៉ូដែល ដែលមានទូរស័ព្ទ iPhone 14, iPhone 14 Max, iPhone 14 Pro និង iPhone 14 Pro Max។ ចំណែកឯម៉ូដែល “mini” វិញ អាចនឹងមិនមាននៅក្នុងជួរនៃត្រកូល iPhone 14 នោះទេ ដោយក្រុមហ៊ុន Apple អាចនឹងធ្វើការសម្រេចចិត្តបិទបញ្ចប់ម៉ូដែល mini នៅក្នុងត្រកូល iPhone 13។
ឥឡូវនេះ ទូរស័ព្ទត្រកូល iPhone 14 ទាំងបួនម៉ូដែលនេះ ត្រូវបានគេនិយាយថា វាអាចនឹងបំពាក់មកជាមួយល្បឿនអូសអេក្រង់ 120Hz ទាំងបួនម៉ូដែលផ្ទាល់តែម្តង ដោយមិនមែនមានតែម៉ូដែល Pro នោះទេ។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទូរស័ព្ទម៉ូដែល iPhone 14 ក៏អាចនឹងបំពាក់មកជាមួយទំហំរ៉េម 6GB ទាំងបួនម៉ូដែលថែមទៀតផង។
កាលពីមុន បើយោងតាមការវិភាគរបស់លោក Pu បាននិយាយថា ទូរស័ព្ទ iPhone 14 Pro និង Pro Max អាចនឹងមានទំហំរ៉េមប្រមាណជាជាង 8GB ប៉ុន្តែជាក់ស្តែង វាមិនអាចកើតមានឡើងបានដូចជាការរំពឹងទុកនោះទេ។
បើទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានដែលយើងទទួលបានខាងលើនេះ វាត្រឹមតែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ ដោយក្រុមហ៊ុន Apple មិនទាន់បានបង្ហាញពីព័ត៌មានច្បាស់ការណាមួយអំពីទូរស័ព្ទត្រកូល iPhone 14 នេះនៅឡើយនោះទេ ដូចនេះវាអាចនឹងមានភាពខុសគ្នាខ្លះនៅពេលដែលក្រុមហ៊ុន Apple ប្រកាសចេញវាជាផ្លូវការ៕
ប្រភព÷ GSMArena
Post a Comment