បុគ្គលិករបស់ក្រុមហ៊ុន Facebook មួយចំនួនអាចធ្វើការនៅផ្ទះបានបន្ទាប់ពីមានការតវ៉ា
បុគ្គលិករបស់ក្រុមហ៊ុន Meta ដែលធ្វើការនៅតាមផ្ទះស្រាប់នឹងមិនតម្រូវឱ្យមកធ្វើការនៅការិយាល័យដោយផ្ទាល់នោះទេ ដោយក្រុមហ៊ុន Meta បានអនុវត្តនូវវិធានការនេះអស់រយ:ពេលជាច្រើនខែរួចមកហើយ។ ចំណែកឯបុគ្គលិកដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនវិញ ក៏កំពុងតែទទួលបានការអនុញ្ញាតឱ្យធ្វើការនៅផ្ទះបានផងដែរ។
បើយោងតាមសារព័ត៌មាន BuzzFeed News បានឱ្យដឹងថា Subcontractor Accenture បានលុបចោលនូវលក្ខខណ្ឌដែលតម្រូវឱ្យអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Facebook (Facebook Moderators) រាប់រយនាក់ត្រឡប់ទៅធ្វើការដោយផ្ទាល់នៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី២៤ ខែមករា ដោយខុសពីគម្រោងដែលបានគ្រោងទុក នៅចុងខែធ្នូ ក្រុមហ៊ុន Facebook បានបង្ខំឱ្យបុគ្គលិកប្រមាណជាជាង 400 នាក់ឱ្យនៅតែបន្តធ្វើការនៅការិយាល័យខណ:ពេលដែលជំងឺកូវីត-១៩ និងជំងឺចម្លងថ្មី Omicron កំពុងតែរីករាលដាលខ្លាំង។
| ហាងកាហ្វេសម្រាប់បុគ្គលិករបស់ក្រុមហ៊ុន Facebook នៅ Mountain View រដ្ឋកាលីហ្វ័រញ៉ា |
សារព័ត៌មាន BuzzFeed ក៏បានបន្ថែមផងដែរថា ការប្រកាសនេះបាននាំឱ្យមានការតវ៉ាដែលមានបុគ្គលិកមួយចំនួន បានឈានចូលដល់ការលាលែងចេញពីដំណែងថែមទៀតផង។ អ្នកធ្វើការងារជាអ្នកសម្របសម្រួលរបស់ក្រុមហ៊ុន Facebook (Facebook Moderators) បាននិយាយថា វាមិនអាចទៅរួចទេ ដែលក្រុមហ៊ុនអាចរក្សាគម្លាតសង្គមនៃចំនួនបុគ្គលិកដ៏ច្រើនទាំងអស់នោះបាន បូករួមជាមួយនឹងការិយាល័យដែលមានការប្រមូលផ្តុំយ៉ាងច្រើនកុះករ ហើយក្រុមហ៊ុនមិនបានផ្តល់ការលើកលែងសម្រាប់បុគ្គលិកដែលមានភាពសុាំនឹងមេរោគ ឬសមាជិកគ្រួសារដែលអាចនឹងងាយរងគ្រោះនោះទេ។
អ្នកនាំពាក្យរបស់ Accenture បានបញ្ជាក់ថា Moderators ដែលធ្វើការនៅផ្ទះស្រាប់ គួរតែបន្តអនុវត្តនូវវិធានការបែបនេះបន្តទៀត ដើម្បីការពារនឹងគោរពតាមវិធានការសុខភាពបង្ការពីការឆ្លងជំងឺកូវីត-១៩។ ក្រុមហ៊ុន Meta ក៏បានចេញមុខមកអះអាងផងដែរថា ក្រុមហ៊ុនបានធ្វើការសហការដើម្បីសម្របសម្រួលឱ្យបុគ្គលិកមួយចំនួនអាចទៅធ្វើការនៅតាមផ្ទះបានដើម្បីឱ្យត្រូវទៅតាមច្បាប់ ហើយក្រុមហ៊ុន Meta ក៏បានបន្ថែមផងដែរថា ខ្លួនក៏នៅតែបន្តផ្តល់ជូននូវអទិភាព និងការថែទាំសុខភាពដល់បុគ្គលិកឱ្យបានប្រយ័ត្នបំផុត៕
ប្រភព÷ Engadget
Post a Comment