ពិន្ទុនៃបន្ទះឈីប Dimensity 9000 នៅក្នុង Geekbench វ៉ាដាច់ពិន្ទុរបស់បន្ទះឈីប Snapdragon 8 ជំនាន់ទី១ និង Exynos 2200

ចូលមកដល់ឆ្នាំ២០២២ ភ្លាម មានក្រុមហ៊ុន ៣ បានគ្រោងនឹងដាក់បញ្ចេញបន្ទះឈីបរបស់ខ្លួនដែលមាន ឈីប Dimensity 9000 របស់ក្រុមហ៊ុន MediaTek បន្ទះឈីប Exynos 2200 របស់ក្រុមហ៊ុន Samsung និងបន្ទះឈីប Snapdragon 8 ជំនាន់ទី១ របស់ក្រុមហ៊ុន Qualcomm (បានបំពាក់នៅលើស្មាតហ្វូនមួយចំនួនរួចហើយ)។

នៅពេលដែលយើងបានលេចលឺពីការនឹងមកដល់របស់បន្ទះឈីបទាំងអស់នោះ យើងមិនទាន់អាចដឹងពីដំណើរការរបស់វាបាននៅឡើយនោះទេ ក៏ប៉ុន្តែឥឡូវនេះ យើងមានរូបភាពក៏ដូចជាភស្តុតាងមួយចំនួនដែលអាចបង្ហាញបានថា បន្ទះឈីប Dimensity 9000 អាចនឹងឈរឈ្មោះជាស្តេច CPU នៃទីផ្សារទូរស័ព្ទ Android។

បើយោងតាមរូបភាពពិន្ទុ Geekbench ដែលត្រូវបានបង្ហោះដោយ Ice Universe នៅក្នុង Twitter បានបង្ហាញថា បន្ទះឈីប Dimensity 9000 បានវ៉ាដាច់បន្ទះឈីបកំពូលទាំងពីរទៀត ដែលមានពិន្ទុ Multi-core 4410 និងពិន្ទុ Single-core 1278។

បើទោះបីជាយ៉ាងណាក៏ដោយ បន្ទះឈីប Dimensity 9000 និងបន្ទះឈីប Exynos 2200 មិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅឡើយទេ ដូចនេះពិន្ទុ Geekbench ខាងលើ អាចនឹងមានការកែប្រែនៅពេលដែលបន្ទះឈីបទាំងពីរនោះចេញជាផ្លូវការ៕


ប្រភព÷ GSMArena

Post a Comment

To Top