Asus ROG Flow Z13÷ ជាថេប្លេត Gaming ដែលអាចដើរតួជាលេបថបយួរដៃបាន (Specs Review)

អ្នកប្រាកដជាមិនធ្លាប់បានជួបថេប្លេត Gaming ច្រើនប៉ុន្មាននោះទេ ដោយថេប្លេតមួយចំនួនត្រូវបានបង្កើតឡើងសម្រាប់តែការងារការិយាល័យ ឬមើលខ្សែភាពយន្តតែប៉ុណ្ណោះ និងថេប្លេតដែលកាន់តែកម្រនោះ គឺជាថេប្លេតដែលប្រើប្រាស់ដោយប្រព័ន្ធប្រតិបត្តិការ Windows ផ្ទាល់តែម្តង។ 

ដោយហេតុនេះហើយ ទើបក្រុមហ៊ុន ROG របស់ Asus បានធ្វើរឿងនេះឡើង ដោយខ្លួនបាននាំយកបន្ទះឈីបជំនាន់ទី 12 ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Intel និងបន្ទះ GPU Nvidia កម្រិតមធ្យមមកបំពាក់នៅលើថេប្លេត Gaming ដែលមានកម្លាំងម៉ាសុីនខ្លាំងជាងថេប្លេតផ្សេងទៀតនៅក្នុងពិភពលោក។

ថេប្លេត Gaming នោះមានឈ្មោះថា Asus ROG Flow Z13 ដែលជាថេប្លេតដែលអាចចល័តបាន និងមានអេក្រង់ទំហំ 13.4អុីញ ហើយកម្រាស់តួខ្លួនរបស់វាមានត្រឹមតែប្រវែង 12mm ប៉ុណ្ណោះដែលផ្តល់នូវភាពងាយស្រួលក្នុងការទុកដាក់នៅតាមកាបូប។


ក្រុមហ៊ុន Asus បានជ្រើសរើសប្រព័ន្ធដំណើរការ Intel Core i9-12900H ដែលត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃម្សិលមិញនេះផ្ទាល់តែម្តង។ ប្រព័ន្ធដំណើរការនេះដែរមាន Cores ចំនួន 6 និង Efficient Cores ចំនួន 8 បូករួមជាមួយនឹង Intel Xe GPU ដែលមានចំនួន Execution Units ចំនួន 96។ ថេប្លេតពិឃាដ Gaming មួយនេះក៏មានមកជាមួយជម្រើសសុីភីយូ Core i7-12700H និង Core i5-12500H ផងដែរ។


ថេប្លេត Gaming Asus ROG Flow Z13 បំពាក់មកជាមួយប្រភេទរ៉េម DDR5 ទំហំ 16GB ដែលមានល្បឿនលឿន (5,200 MHz) និងមានអង្គផ្ទុកទិន្នន័យជាប្រភេទ PCIe 4.0 រហូតដល់ទៅទំហំ 1TB។

ចំណែកឯក្រាហ្វិកកាតវិញ ក្រុមហ៊ុន ROG បានជ្រើសយកបន្ទះក្រាហ្វិក Nvidia RTX 3050 Ti ដែលចេញកាលពីឆ្នាំមុន ដែលវាមានស្នូល CUDA 2,560 និងមានអង្គចងចាំវីដេអូជាប្រភេទ GDDR6 ដែលមានទំហំ 4GB។ ថេប្លេតនេះ ត្រូវបានបំពាក់មកជាមួយនឹងរន្ធ Thunderbolt ចំនួនបួនដែលមានសម្រាប់ DisplayPort 1.4 និងអាចគាំទ្រដល់ការសាកបញ្ចូលថ្មតាមរយ:ឌុយ USB (USB Power Delivery) រហូតដល់ទៅកម្លាំង 100W ។

អ្នកអាចជ្រើសរើសថេប្លេត Asus ROG Flow Z13 Slate បានចំនួនពីរជម្រើស ដែលជម្រើសទីមួយបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 1080p និងមានល្បឿនអូសបញ្ជាអេក្រង់ 120Hz និងមួយជម្រើសទៀតបំពាក់មកជាមួយអេក្រង់ដែលមានកម្រិតបង្ហាញ 4K ប៉ុន្តែមានល្បឿនអូសបញ្ជាអេក្រង់ត្រឹមតែ 60Hz ប៉ុណ្ណោះ។ អេក្រង់ទាំងពីរនេះមានទំហំ 16:10អុីញ និងប្រើប្រាស់នូវប្រភេទអេក្រង់ IPS LCDs ដូចគ្នា។ អេក្រង់ទាំងពីរជម្រើសនេះសឹតសឹងតែក្រាលមកជាមួយកញ្ចក់ការពារ Gorilla Glass និងបច្ចេកវិទ្យា Adaptive Sync បូករួមជាមួយនឹងបច្ចេកវិទ្យាជំនួយដល់ការបញ្ចេញទឹកពណ៌រូបភាព Dolby Vision ថែមទៀតផង។

សម្រាប់តម្លៃ និងថ្ងៃប្រកាសចេញលក់ពិតប្រាកដ ក្រុមហ៊ុន Asus និង ROG មិនបានធ្វើការបង្ហាញនោះទេ ប៉ុន្តែអ្វីដែលយើងអាចរំពឹងបាននោះ ថេប្លេត Gaming មួយនេះនឹងធ្វើការដាក់លក់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕


ប្រភព÷ GSMArena

Post a Comment

To Top