ក្រុមហ៊ុន Apple បាននិយាយថា ខ្លួននឹងមិនជ្រៀតចូលទៅក្នុងពិភពពិតនិម្មិត (Metaverse) នោះទេ
ខុសពីក្រុមហ៊ុនដ៏ទៃ ក្រុមហ៊ុន Apple បានបញ្ជាក់ថា ខ្លួននឹងមិនដើរចូលទៅក្នុងពិភពពិតនិម្មិតរបស់ក្រុមហ៊ុន Meta នោះទេ។ បើយោងតាមលោក Mark Gurman មកពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple បានធ្វើការច្រានចោលនូវគំនិតនៃការចូលទៅក្នុងពិភពពិតនិម្មិត Metaverse តាមរយៈការប្រើប្រាស់កាសស្តាប់ (mixed reality headset)។
បើយោងតាមពាក្យចចាមអារ៉ាមកន្លងមកបានបង្ហាញថា កាសស្តាប់ និងមើល (mixed reality headset) នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ២០២២ នេះ។ បន្ថែមពីនេះ កាសពិតនិម្មិតនេះ អាចនឹងមានកម្រិតបង្ហាញភាពច្បាស់ 8K និងមានបំពាក់មកជាមួយកាមេរ៉ាសម្រាប់ចាប់យកកាយវិការរបស់អ្នកប្រើប្រាស់ ហើយវាអាចនឹងមានតម្លៃចាប់ពី $3,000 ឡើងទៅ។ សម្រាប់ព័ត៌មានទាក់ទងទៅនឹងកាសពិតនិម្មិតនេះ អ្នកអាចចុចលើដំណភ្ជាប់នេះ ដើម្បីអានបាន។
ចំណែកឯការអះអាងចេញពីលោក Ming-Chi Kuo វិញបានឱ្យដឹងថា កាសពិតនិម្មិតនេះអាចនឹងមានកម្រិតបង្ហាញភាពច្បាស់ 4K និងអាចបំពាក់មកជាមួយកាមេរ៉ាពី 6 ទៅ 8 គ្រាប់តែប៉ុណ្ណោះ ហើយវាអាចនឹងមានតម្លៃសមរម្យជាងនេះ។
ដូចដែលយើងធ្លាប់បានដឹង ក្រុមហ៊ុន Apple កម្របញ្ចេញនូវមុខងារថ្មីសម្រាប់ឧបករណ៍របស់ខ្លួនណាស់ បើទោះបីជាក្រុមហ៊ុនផ្សេងទៀតកំពុងប្រើប្រាស់នូវបច្ចេកវិទ្យានោះក៏ដោយ ក៏ក្រុមហ៊ុន Apple នៅតែចាំមើលដំណើរការរបស់បច្ចេកវិទ្យាទាំងអស់នោះសិន ហើយខ្លួននឹងសិក្សាពីកំហុសដែលក្រុមហ៊ុនទាំងអស់នោះបានជួប និងខំប្រឹងដោះស្រាយក៏ដូចជាអភិវឌ្ឍន៍នូវបច្ចេកវិទ្យាមួយនោះសម្រាប់ឧបករណ៍ប្រើប្រាស់របស់ខ្លួន ឱ្យដំណើរការទៅបានរលូន និងមិនមានបញ្ហា។
ប្រភព÷ Engadget
Post a Comment