ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាអាចនឹងដាក់បញ្ចេញទូរស័ព្ទ iPhone SE 5G នាពេលនិទាឃរដូវខាងមុខនេះ

ក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរស័ព្ទដែលទើបបន្ថែមការអាប់ដេតមួយចំនួន នៅក្នុងព្រឹត្តិការណ៍នារដូវស្លឹកឈើលាស់នេះ។ បើយោងតាមលោក Mark Gurman ដែលមកពីសារព័ត៌មាន Bloomberg បានអះអាងថា ក្រុមហ៊ុន Apple អាចនឹងដាក់បញ្ចេញទូរស័ព្ទត្រកូល iPhone SE របស់ខ្លួនជំនាន់ទី៣ នៅក្នុងអំឡុងពេលនិទាឃរដូវ ដែលអាចស្ថិតក្នុងខែមីនា ឬខែមេសា។

លោក Gurman ក៏បានបន្ថែមផងដែរថា ទូរស័ព្ទ iPhone SE ដែលនឹងចេញនៅឆ្នាំនេះ អាចនឹងមានការរចនាស្រដៀងទៅនឹងទូរស័ព្ទ iPhone 8 គ្រាន់តែម៉ូដែល SE មួយនេះបំពាក់មកជាមួយបច្ចេកវិទ្យា 5G ហើយវាក៏អាចប្រើប្រាស់ជាមួយបន្ទះឈីប A15 Bionic ដែលយើងឃើញមាននៅលើទូរស័ព្ទ iPhone 13 ផងដែរ។

មិនមានព័ត៌មានណាមួយបង្ហាញពីការផ្លាស់ប្ដូរបន្ថែមនៃទូរស័ព្ទម៉ូដែលមួយនេះនោះទេ ប៉ុន្តែក្រុមហ៊ុន Apple អាចនឹងបង្កើនទំហំអង្គផ្ទុកទិន្នន័យរបស់ទូរស័ព្ទ iPhone SE 5G ដោយចាប់ផ្តើមពីទំហំ 128GB ឡើងទៅ។ ចំណែកឯកាមេរ៉ាវិញ ទូរស័ព្ទត្រកូល SE 5G មួយនេះអាចនឹងប្រើប្រាស់លេនកាមេរ៉ារបស់ iPhone 8 ដដែល ដោយក្រុមហ៊ុន Apple អាចនឹងកែប្រែចំណុចខ្វះខាតបន្តិចបន្តួច (ខ្ចីលេនពីម៉ូដែលចាស់ មកដាក់ម៉ូដែលថ្មី ហើយថែមគ្រឿងតិចតួចឱ្យមានរសជាតិប្លែកពីម៉ូដែលមុន)។

ទូរស័ព្ទ iPhone SE 5G ត្រូវបានគេរំពឹងថា វាអាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មធំជាងមុន ដោយសារតែបច្ចេកវិទ្យា 5G ត្រូវការនូវកម្លាំងថាមពលថ្មច្រើន។ សម្រាប់តម្លៃវិញ ទូរស័ព្ទ iPhone SE ធម្មតាក្រុមហ៊ុន Apple ដាក់លក់នៅក្នុងតម្លៃ $399 និងចំណែកឯទូរស័ព្ទ iPhone SE 5G វិញយើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែវាអាចនឹងមានតម្លៃប្រហាក់ប្រហែលគ្នា ឬលើសពីម៉ូដែលធម្មតាបន្តិចបន្តួច៕


ប្រភព÷ Engadget

Post a Comment

To Top