ក្រុមហ៊ុន AMD បានប្រកាសចេញបន្ទះឈីប Ryzen 6000 សម្រាប់ទូរស័ព្ទ បន្ទះ CPU Ryzen 5800X3D និងក្រាហ្វិកកាត Radeon 6500 XT

សម្រាប់ព្រឹត្តិការណ៍តាំងពិព័រណ៍ CES 2022 នេះ ក្រុមហ៊ុន AMD បានដាក់បង្ហាញនូវផលិតផលរបស់ខ្លួនជាច្រើន ដែលស្មើនឹងផលិតផលពាក់កណ្តាលនៃផលិតផលទាំងអស់របស់ខ្លួនសម្រាប់ឆ្នាំ២០២២ នេះ ដោយយើងឃើញមានភាគច្រើន សុទ្ធសឹងតែជាឧបករណ៍ ឬបន្ទះឈីបសម្រាប់ទូរស័ព្ទ កំព្យូទ័រយួរដៃ និងមួយចំនួនតូចគឺសម្រាប់កំព្យូទ័រលើតុ។

ការប្រកាសដ៏ធំបំផុតនៃព្រឹត្តិការណ៍តាំងពិព័រណ៍មួយនេះ ចាប់ផ្តើមដំបូងចេញពីបន្ទះឈីប Ryzen 6000 សម្រាប់ទូរស័ព្ទមុន ដោយការប្រកាសនេះ នឹងមានរួមបញ្ចូលមកជាមួយ APU (Accelerated Processing Unit) ម៉ូដែលថ្មីចំនួនដប់ សម្រាប់ការធ្វើកំណែទម្រង់អាប់ដេតថ្មីទៅលើបន្ទះឈីប និងបន្ទះ GPU របស់ទូរស័ព្ទដៃ។

ចំពោះផ្នែក CPU ក្រុមហ៊ុន AMD កំពុងតែផ្លាស់ប្តូរទៅកាន់ស្ថាបត្យកម្ម Zen3+ ជំនាន់ថ្មីវិញ ដែលជាកំណែអាប់ដេតពីស្ថាបត្យកម្ម Zen3 ជំនាន់មុន ដែលប្រើប្រាស់នៅលើម៉ូដែល CPU 5000។ ក្រុមហ៊ុន AMD សន្យាថា សម្រាប់កំណែអាប់ដេតមកកាន់ដំណើរការ 6nm TSMC ថ្មីនេះ នឹងអាចជួយកាត់បន្ថយការប្រើប្រាស់ថាមពលបានរហូតដល់ទៅ 40% ទៅលើការប្រើប្រាស់កម្មវិធី ដូចជាការមើល Netflix ជាដើម។

សម្រាប់បន្ទះឈីប AMD Ryzen 6000 វិញក៏ធ្វើការផ្លាស់ប្តូរបញ្ចូលគ្នាជាមួយនឹងក្រហ្វិក RDNA2 ផងដែរ ដោយវានាំមកជាមួយនូវលក្ខណៈសម្បត្តិពិសេសមួយចំនួនដូចជា Hardware-accelerated ray-tracing, មាន L2 cashes ធំជាងមុនពីរដង, ម៉ាស៊ីន GPU កំព្យូទ័រធំជាងមុនរហូតដល់ទៅ 50% និងអាចគាំទ្រជាមួយ DirectX 12 Ultimate ផងដែរ។

ចំណែកឯបន្ទះឈីប Ryzen 6000 សម្រាប់ទូរស័ព្ទដៃវិញក៏មានការបន្ថែមមកជាមួយមុខងារទំនើបៗផងដែរ ដែលមានដូចជា USB4, PCIe ជំនាន់ទីបួន, ប្រភេទរ៉េម DDR5/LPDDR5, បច្ចេកវិទ្យា WiFi 6, បច្ចេកវិទ្យា Bluetooth 5.2, HDMI 2.1, Display Port 2, និងឌិកូដ AVI។

ក្រុមហ៊ុន AMD ក៏បានប្រកាសចេញពីជម្រើសក្រាហ្វិកកាតដាច់ដោយឡែកមួយសម្រាប់កំព្យូទ័រយួរដៃផងដែរ ដែលមាន GPU ស៊េរី Radeon 6600s ថ្មីដែលត្រូវបានរចនាឡើងយ៉ាងពិសេស សម្រាប់កុំព្យូទ័រយួរដៃលេងហ្គេមដែលមានទម្ងន់ស្រាលហើយស្តើង។ ក្រុមហ៊ុន AMD ក៏បានធ្វើបច្ចុប្បន្នភាពទៅលើ GPU Radeon 6000M ម៉ូដែលមុន និងម៉ូដែលថ្មីផងដែរ ដែលមានដូចជា ម៉ូដែល 6850M XT, 6600M XT, 6600M, 6500M និងម៉ូដែល 6300M។

ចូលមកកាន់ផ្នែកក្រាហ្វិកកាតរបស់កំព្យូទ័រលើតុវិញ ក្រុមហ៊ុន AMD បានប្រកាសចេញនូវប្រភេទក្រាហ្វិកកាតថ្មី Radeon RX 6500 XT ដែលវាមានលក្ខណៈសម្បត្តិស្មើនឹងក្រាហ្វិកកាតម៉ូដែល RX 6600 XT សឹងតែពាក់កណ្តាល ដែលវាដំណើរការដោយ computer units ចំនួន 15, 32 ROPs, 16MB Infinity cache និងមានអង្គចងចាំវីដេអូ 4GB។ បន្ទះក្រាហ្វិកកាតនេះដែរមានល្បឿន clock speed 2610MHz និងផ្អែកទៅលើបន្ទះ manufacturing process ទំហំ 6nm របស់ TSMC។ បន្ទះក្រាហ្វិកកាត RX 6500 XT នឹងដាក់លក់នៅក្នុងតម្លៃ 199 ដុល្លារ ដែលនឹងមានលក់ចាប់ពីថ្ងៃទី១៩ ខែមករា នេះតទៅ។

ក្រលែកមកមើលបន្ទះ CPU វិញ ក្រុមហ៊ុន AMD បានប្រកាសចេញ CPU Ryzen 7 5800X3D ដែលវាមានលក្ខណៈសម្បត្តិខុសពីបន្ទះ CPU 5800 ធម្មតាត្រង់វាបានបំពាក់បន្ថែមមកជាមួយបច្ចេកវិទ្យា AMD 3D V-Cache។ សុីភីយូនេះដែរ មានទំហំ Core, Thread និងល្បឿន Clock Speed ដូចទៅនឹង CPU Ryzen 7 5800 ធម្មតាដែរ ប៉ុន្តែអ្វីដែលលេចធ្លោនោះគឺសុីភីយូមួយនេះមានទំហំ Cache រហូតដល់ទៅ 100MB ដែលក្រុមហ៊ុន AMD បានអះអាងថា វាអាចដំណើរការបានលឿនជាង CPU Ryzen 9 5900X និង CPU Intel Core i9-12900K ទៅលើការលេងហ្គេមថែមទៀតផង៕



ប្រភព÷ GSMArena

Post a Comment

To Top