ទូរស័ព្ទ Vivo S12 ស៊េរីនឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 1200

កាលពីដើមខែនេះ យើងបានឃើញនូវព័ត៌មានមួយចំនួនអំពីទូរស័ព្ទត្រកូល S12 ថ្មីរបស់ក្រុមហ៊ុន Vivo រួមទាំងរូបភាពបែកធ្លាយអំពីរូបរាងរបស់វាផងដែរ។ ស្មាតហ្វូនស៊េរីថ្មីដែលនឹងមកដល់នាពេលខាងមុខនេះ ត្រូវបានទម្លាយជាផ្លូវការដោយក្រុមហ៊ុន MediaTek នៅលើ Weibo ដោយក្រុមហ៊ុនផលិតបន្ទះឈីបទូរស័ព្ទ MediaTek មួយនេះបានបញ្ជាក់ថា ទូរស័ព្ទត្រកូល S12 ស៊េរីរបស់ក្រុមហ៊ុន Vivo នឹងបំពាក់មកជាមួយបន្ទះឈីប Dimensity 1200 ដែលមានទំហំ 6nm។

ទូរស័ព្ទ Vivo S12 ស៊េរីនឹងនាំមកជាមួយម៉ូដែលធម្មតា និងម៉ូដែល Pro និងបើយោងតាមរបាយការណ៍មុនបានបង្ហាញថា ទូរស័ព្ទ S12 Pro អាចនឹងមានកាមេរ៉ាមុខភ្លោះ ដែលកាមេរ៉ាទីមួយគឺជាលេន Samsung JN1 Sensor ដែលមានទំហំ 50 មេហ្កាភិចស៊ែល និងកាមេរ៉ាមួយគ្រាប់ទៀតគឺជាលេន ultrawide shooter ដែលមានទំហំ 8 មេហ្កាភិចស៊ែល។ ចំពោះកាមេរ៉ាក្រោយវិញ ទូរស័ព្ទ Vivo S12 Pro អាចនឹងបំពាក់មកជាមួយនឹងទំហំកាមេរ៉ាគោលរហូតទៅដល់ 108 មេហ្កាភិចស៊ែល និងអាចមានការរចនាកាមេរ៉ាបែបបញ្ឈរ។

ចំពោះអេក្រង់វិញ ទូរស័ព្ទ  Vivo S12 Pro នឹងបំពាក់មកជាមួយអេក្រង់ OLED ដែលមានកម្រិតបង្ហាញភាពច្បាស់ FullHD+ បូកជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃក្រោមអេក្រង់ផងដែរ។ ចំណែកឯថ្ងៃប្រកាសចេញវិញ យើងអាចរំពឹងថា ក្រុមហ៊ុន Vivo នឹងធ្វើការដាក់បញ្ចេញនូវទូរស័ព្ទ Vivo S12 ស៊េរីនេះ នៅមុនដំណាច់ខែធ្នូនេះ៕


ប្រភព: GSMArena

Post a Comment

To Top