ក្រុមហ៊ុន TikTok កំពុងតែសាកល្បងកម្មវិធី Livestreaming សម្រាប់កំុព្យូទ័រ
វាហាក់បីដូចជាក្រុមហ៊ុន TikTok កំពុងតែជ្រៀតខ្លួនចូលទៅក្នុងការផ្សាយផ្ទាល់ (Livestreaming) សម្រាប់កុំព្យូទ័រដូចទៅនឹងក្រុមហ៊ុនផលិតកម្មវិធីកម្សាន្តមួយចំនួនដែរ។ កម្មវិធីក៏ដូចជាសេវាកម្មដែលក្រុមហ៊ុន TikTok កំពុងតែសាកល្បងនេះមានឈ្មោះថា TikTok Live Studio ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើការផ្សាយបន្តផ្ទាល់បានតាមរយៈកំុព្យូទ័រ។
អ្នកប្រើប្រាស់អាចធ្វើការស្រ្ទីមផ្សាយបន្តផ្ទាល់បានតាមរយ: TikTok Live ដោយប្រើប្រាស់ជាមួយនឹងកម្មវិធីពីខាងក្រៅ។ ដោយសារតែការស្រ្ទីមផ្សាយបន្តផ្ទាល់ភាគច្រើនពាក់ព័ន្ធទៅលើវិស័យហ្គេមអេឡិចត្រូនិក ដូចនេះកម្មវិធីស្រ្ទីមរបស់ក្រុមហ៊ុន TikTok អាចនឹងក្លាយជាកម្មវិធីប្រកួតប្រជែងការស្រ្ទីមហ្គេមជាមួយនឹងកម្មវិធី Twitch ឬក៏ Facebook Live Stream បានផងដែរ។
មុខងារស្រ្ទីមផ្សាយបន្តផ្ទាល់នេះផងដែរ អាចឱ្យអ្នកប្រើប្រាស់ដែលជាអ្នកស្រ្ទីម បើកមុខងារសម្រាប់អ្នកមើលឱ្យជាកាដូ (ដែលដូចទៅនឹងកម្មវិធីស្រ្ទីមរបស់ Facebook ដែរ ដែលអ្នកមើលអាចផ្ញើរជា Star សម្រាប់គាំទ្រអ្នកឡាយស្រ្ទីមបាន) អានមតិខមិន និងប្រើប្រាស់នូវមុខងារ Filter ដែលក្រុមហ៊ុន TikTok បានភ្ជាប់មកជាមួយ។
បើយោងតាមសារព័ត៌មាន TechCrunch បានបង្ហាញថា នាពេលឥឡូវនេះ មានអ្នកប្រើប្រាស់ប្រហែលពីពីរទៅបីពាន់នាក់ប៉ុណ្ណោះ ដែលអាចប្រើប្រាស់មុខងារផ្សាយបន្តផ្ទាល់នៅលើកំុព្យូទ័របាន។ ក្រុមហ៊ុន TikTok ក៏បានបន្ថែមផងដែរថា បើសិនជាមុខងារនេះទទួលបាននូវប្រជាប្រិយភាពពីអ្នកប្រើប្រាស់ច្រើន នោះក្រុមហ៊ុននឹងបន្តធ្វើការអភិវឌ្ឍន៍ទៅលើមុខងារក៏ដូចជាសេវាកម្ម Live Studio របស់ខ្លួនបន្តទៀតផងដែរ៕
ប្រភព: Engadget
Post a Comment