ក្រុមហ៊ុន Tesla កំពុងដាក់លក់ម៉ូតូ Cyberquad ATV សម្រាប់កុមារជិះ ក្នុងតម្លៃ 1,900 ដុល្លារ!!

 ក្រុមហ៊ុន Tesla បានចាប់ផ្តើមដាក់លក់ម៉ូតូ Cyberquad ប៉ុន្តែវាមិនមែនជាម៉ូតូ ATV ដែលក្រុមហ៊ុន Tesla ធ្លាប់បានដាក់បង្ហាញជាមួយនឹងការបង្ហាញរថយន្តអគ្គិសនីរបស់ខ្លួនកាលពីឆ្នាំ២០១៩នេះទេ។ ប៉ុន្តែឥឡូវនេះ អ្នកអាចទិញម៉ូតូ Cyberquad ATV បាននៅតាមបណ្តាហាងរបស់ក្រុមហ៊ុន Tesla ហើយម៉ូតូកង់បួននេះដែរ មានទំហំតូចល្មមដែលអាចអនុញ្ញាតឱ្យក្មេងៗអាចជិះបាន។


ម៉ូតូ ATV កង់បួន ត្រូវបានបំពាក់ដោយថ្មលីចូម-អុីយ៉ុង (Lithium-ion) ហើយវាដំណើរការដោយថាមពលអគ្គិសនីដូចទៅនឹងម៉ូតូកង់បួន ATV សម្រាប់មនុស្សធំផងដែរ។ ម៉ូតូកង់បួនសម្រាប់កុមារនេះ អាចបើកបានក្នុងចម្ងាយ 15 ម៉ាយ និងអាចកំណត់ល្បឿនរត់បាន 10 ម៉ាយក្នុងមួយម៉ោង។


ក្រុមហ៊ុន Tesla ដាក់លក់ម៉ូតូតូចកង់បួនមួយនេះក្នុងតម្លៃ $1,900 ហើយវាត្រូវបានគេរំពឹងថានឹងចាប់ផ្តើមធ្វើការដឹកជញ្ជូនដល់អ្នកបញ្ជាទិញក្នុងរយៈពេល 2 ទៅ 4 សប្ដាហ៍ខាងមុខនេះ។ ប៉ុន្តែមុននឹងអ្នកចាប់ផ្តើមពិចារណាទិញវាជាកាដូសម្រាប់កូនៗរបស់អ្នកនៅថ្ងៃបុណ្យណូអែលខាងមុខ ចូរអ្នកដឹងថា ក្រុមហ៊ុន Tesla មិនបានធានាថា ការដឹកជញ្ជូនអាចនឹងមកដល់មុនថ្ងៃបុណ្យណូអែលឬក៏អត់នោះទេ។ ម្យ៉ាងវិញទៀត នាពេលបច្ចុប្បន្ន ម៉ូតូតូចកង់បួនមួយនេះ អាចធ្វើការដឹកជញ្ជូនបានតែនៅក្នុងសហរដ្ឋអាមេរិក និងទៅកាន់ទ្វីបអាមេរិកតែប៉ុណ្ណោះ៕

វីដេអូ÷ HyperChange


ប្រភព: Engadget

Post a Comment

To Top