កម្មវិធី Telegram បានបន្ថែមមុខងារ React ទៅលើសារ និងមុខងារលាក់នូវប្រភេទសារដែលជា Spoilers

ក្រុមហ៊ុនផលិតកម្មវិធី Telegram បានបញ្ចេញនូវកំណែអាប់ដេតថ្មី ដោយបន្ថែមមកជាមួយមុខងារមួយចំនួនមុនពេលបិទបញ្ចប់ឆ្នាំ២០២១។ ក្នុងចំណោមលក្ខណៈពិសេសនៃមុខងារទាំងអស់នោះ មានមុខងារមួយដែលអនុញ្ញាតឱ្យអ្នកអាចលាក់ ឬបិទសារណាមួយដើម្បីមិនចង់ឱ្យមិត្តភក្តិរបស់អ្នកឃើញបាន។

ឧទាហរណ៍បើសិនជាអ្នកកំពុងនិយាយពីសាច់រឿងរបស់រឿង Spider-man: No Way Home នៅក្នុង Group Chat ប៉ុន្តែមិត្តភក្ដិរបស់អ្នកមួយចំនួនពុំទាន់បានមើលរឿងនេះនៅឡើយ ដូចនេះនៅពេលដែលអ្នកចង់និយាយប្រាប់ពីដំណើររឿងនោះ អ្នកអាចចុចលាក់សារនោះកុំឱ្យមិត្តភក្តិដែលមិនទាន់បានមើលឃើញបាន ហើយបើសិនជាពួកគេចង់អានសារ Spoilers ទាំងអស់នោះ មិត្តភក្តិរបស់អ្នកគ្រាន់តែចុចលើសារ Spoilers នោះជាការស្រេច។

មុខងារថ្មីមួយទៀត ដែលនាំមកជាមួយកំណែអាប់ដេតថ្មីនោះ ត្រូវបានក្រុមហ៊ុន Telegram ឱ្យឈ្មោះថា “iMessage” ដែលអនុញ្ញាតឱ្យអ្នកធ្វើការ React ទៅលើសារបាន ដែលវាដូចទៅនឹងមុខងារ Message Reaction របស់កម្មវិធី Messenger ដែរ។ អ្នកអាចចុចទៅលើសារណាមួយចំនួនពីរដងដើម្បីឱ្យមេដៃ និងចុចទៅលើសារនោះចំនួនមួយដង ដើម្បីជ្រើសរើស Emoji សម្រាប់ React ទៅលើសារដែលអ្នកចុច។


សម្រាប់ការឆាតជាឯកជន មុខងារ Reaction នេះតែងតែបើកឱ្យប្រើប្រាស់ជានិច្ច ប៉ុន្តែសម្រាប់ការឆាតនៅក្នុងក្រុម ឬឆែណែល អ្នកបង្កើតក្រុមឆាត ឬឆែណែល ឬ Admins អាចកំណត់បានថា តើ Emoji ណាខ្លះដែលសមាជិកនៅក្នុងក្រុមទាំងអស់នោះ អាចប្រើប្រាស់ដើម្បីធ្វើការ React ទៅលើសារបាន ឬក៏ពួកគេអាចបិទនូវមុខងារ React ទៅលើសារនោះក៏បានដែរ។

មិនទាន់អស់នោះទេ មុខងារបកប្រែភាសាក៏បាននាំមកជាមួយកំណែអាប់ដេតថ្មីនេះដែរ (សម្រាប់ទូរស័ព្ទដែលដើរដោយប្រព័ន្ធប្រតិបត្តិការ Android និងសម្រាប់ IOS គឺទាល់តែទូរស័ព្ទទាំងអស់នោះ ប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ IOS 15 ឡើងទៅ)។ អ្នកអាចចុចជ្រើសរើសភាសាដែលអ្នកចង់ឱ្យបកប្រែបាន បន្ទាប់មកសារដែលបានផ្ញើមកនោះ នឹងធ្វើការបកប្រែទៅកាន់ភាសាដែលអ្នកជ្រើសរើស (ឧទាហរណ៍ បើសិនជាសារនោះផ្ញើមកជាភាសាអង់គ្លេស ហើយអ្នកចង់បកប្រែវាឱ្យទៅជាភាសាជាតិយើង អ្នកគ្រាន់តែចុចលើប៊ូតុងបកប្រែ នោះសារដែលផ្ញើមក នឹងត្រូវបានបកប្រែទៅជាភាសាជាតិរបស់យើងវិញ)៕



ប្រភព÷ Engadget

Post a Comment

To Top