យន្តហោះដ្រូនរបស់ក្រុមហ៊ុន Sony ដែលបំពាក់មកជាមួយនឹងកាមេរ៉ា Alpha បានដាក់ឱ្យបញ្ជាទិញក្នុងតម្លៃ 9,000 ដុល្លារ!!
បន្ទាប់ពីប៉ុន្មានខែក្រោយមកដែលក្រុមហ៊ុន Sony មានគម្រោងក្នុងការដាក់បញ្ចេញលក់នូវយន្តហោះដ្រូនរបស់ខ្លួន ឥឡូវនេះក្រុមហ៊ុន Sony បានបើកឱ្យមានការបញ្ជាទិញយន្តហោះដែលគ្មានមនុស្សបើកដំបូងបំផុតរបស់ខ្លួនហើយ។ ក្រុមហ៊ុន Sony បាននិយាយថា Airpeak S1 គឺជាយន្តហោះគ្មានមនុស្សបើកដ៏តូចបំផុតដែលអាចគាំទ្រជាមួយនឹងកាមេរ៉ា Alpha របស់ Sony បាន។
ម៉ូដែលដំបូងរបស់ត្រកូល Airpeak នឹងអាចដំណើរការជាមួយប្រភេទកាមេរ៉ាច្រើនជម្រើសដែលមានដូចជា កាមេរ៉ា Alpha 1, Alpha 7S series, Alpha 7R series និង Alpha 9 series។ ក្រុមហ៊ុន Sony បានបន្ថែមផងដែរថា យន្តហោះគ្មានមនុស្សបើក S1 នេះនឹងបំពាក់មកជាមួយបច្ចេកវិទ្យាទប់លំនឹងក្នុងពេលបញ្ជាពីខ្យល់បក់ប៉ះ ដែលជាមុខងារដ៏ល្អមួយសម្រាប់សម្រួលឱ្យអ្នកថតរូប អាចផ្តិតយករូបភាពដែលមានគុណភាពខ្ពស់ពីលើមេឃបាន។
ក្រុមហ៊ុន Sony បានអះអាងថា យន្តហោះដ្រូន S1 របស់ខ្លួន អាចហោះហើរបានរហូតទៅដល់ 22 នាទី សម្រាប់ការហោះធម្មតា និង 12 នាទី ជាមួយនឹងការទ្រនូវបន្ទុកកាមេរ៉ាធ្ងន់ដូចជា កាមេរ៉ា Alpha 7S III ដែលមានកញ្ចក់ FE 24mm F1.4 GM។ ដ្រូន Airpeak S1 អាចហោះបានក្នុងល្បឿន 56 ម៉ាយក្នុងមួយម៉ោង។
យន្តហោះគ្មានមនុស្សបើក ដ្រូន Airpeak S1 នឹងភ្ជាប់មកជាមួយស្លាបកង្ហារពីរឈុត ថ្មពីរគ្រាប់ និងឧបករណ៍សម្រាប់បញ្ជាមួយ។ ក្រុមហ៊ុន Sony បានបន្ថយតម្លៃលក់ដែលខ្លួនធ្លាប់បានប្រកាសពីមុនចំនួន $1000 ដែលឥឡូវនេះ ដ្រូន S1 មានតម្លៃ $9000៕
ប្រភព: Engadget
Post a Comment