ក្រុមហ៊ុន Samsung បានបញ្ចេញពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Samsung Galaxy S21 FE ហើយ
ទូរស័ព្ទ Samsung Galaxy S21 FE ត្រូវបានពន្យារពេលមកជាយូរណាស់មកហើយ និងបើយោងទៅតាមសារព័ត៌មានដែលចេញកាលពីខែតុលាបានអះអាងថា ស្មាតហ្វូនម៉ូដែល FE និងត្រូវបានគេរំពឹងថា អាចនឹងចេញជាផ្លូវការនៅខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ នាពេលថ្មីៗនេះ ក្រុមហ៊ុន Samsung បានបញ្ចេញនូវលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់ទូរស័ព្ទត្រកូល FE នៅក្នុងគេហទំព័រ SamMobile ដែលជាគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung។
ចាប់ផ្ដើមពីអេក្រង់របស់វាមុន ទូរស័ព្ទ Samsung Galaxy S21 FE នឹងបំពាក់មកជាមួយអេក្រង់ Dynamic AMOLED 2X ដែលមានទំហំ 6.4 អុីញ គាំទ្រដោយល្បឿនអូសអេក្រង់ Refresh rate 120Hz ជាមួយនឹងកម្រិតបង្ហាញភាពច្បាស់ Full HD+។ ទូរស័ព្ទនេះដែរនឹងបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីទម្លុះអេក្រង់នៅចំកណ្តាលដែលមានទំហំ 32 មេហ្កាភិចស៊ែល។
ចូលមកកាន់ផ្នែកកម្លាំងម៉ាស៊ីនរបស់ទូរស័ព្ទនេះវិញ ទូរស័ព្ទម៉ូដែល Fan Edition នេះ នឹងបំពាក់មកជាមួយបន្ទះឈីបដូចទៅនឹងទូរស័ព្ទ Galaxy S21 ដែលអាចនឹងជាបន្ទះឈីប Snapdragon 888 ឬ Exynos 2100 ដែលវាអាស្រ័យលើទីផ្សារលក់ជាក់ស្តែង។ ចំពោះទំហំរ៉េម និងអង្គផ្ទុកទិន្នន័យវិញ ទូរស័ព្ទ Samsung Galaxy S21 FE នឹងបំពាក់មកជាមួយជម្រើសរ៉េម 6GB និង 8GB និងមានជម្រើសអង្គផ្ទុកទិន្នន័យ 128GB និង 256GB ហើយវាមិនអាចបន្ថែមម៉េម៉ូរីពីខាងក្រៅបានទេ។
ងាកមកកាន់ផ្នែកកាមេរ៉ាខាងក្រោយវិញ ទូរស័ព្ទម៉ូដែល FE នេះនឹងបំពាក់មកជាមួយកញ្ចប់កាមេរ៉ាបីគ្រាប់ដែលមាន÷
_ លេនកាមេរ៉ាគោលទំហំ 12 មេហ្កាភិចស៊ែល
_ លេនកាមេរ៉ាទំហំ 12 មេហ្កាភិចស៊ែលទៀតជាលេន ultrawide សម្រាប់ថតរូបភាពបានទូលាយ
_ និងលេនកូនពៅគេដែលមានទំហំ 8 មេហ្កាភិចស៊ែលជាលេន telephoto ប្រើសម្រាប់ថតហ្សូមវត្ថុដែលនៅឆ្ងាយ។
ដើម្បីទ្រទ្រង់កម្លាំងម៉ាស៊ីនខាងលើបាន ទូរស័ព្ទ Samsung Galaxy S21 FE ក៏នឹងបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿន 25W តាមរយៈខ្សែសាក និងកម្លាំង 15W សម្រាប់ការសាកឥតខ្សែផងដែរ។ បន្ថែមពីនេះវាក៏មានអាវក្រោះការពារពីការជ្រាបទឹក IP68 និងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 ផ្ទាល់ផងដែរ៕
ប្រភព: GSMArena
Post a Comment