ទូរស័ព្ទ Samsung Galaxy Fold និង Note 10 ស៊េរី ទទួលបានកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 4 ដែលមានស្ថេរភាពជាផ្លូវការហើយ
ក្រុមហ៊ុន Samsung កំពុងតែកែប្រែក៏ដូចជាបង្កើនការអាប់ដេតបន្ថែមទៅលើផ្ទៃប្រើប្រាស់ One UI 4 ឱ្យកាន់តែមានស្ថេរភាពសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ ថ្មីៗនេះដែរ មានស្មាតហ្វូនចំនួនពីរម៉ូដែលចុងក្រោយទៀត ដែលទទួលបានកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 4 ដែលមានស្ថេរភាពនោះមានដូចជា ទូរស័ព្ទ ឬថេប្លេតដែលអាចបត់បាន Samsung Galaxy Fold និងទូរស័ព្ទម៉ូដែល Samsung Galaxy Note 10 ជំនាន់ទីមួយ។
ទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុន Samsung ដែលទទួលបានកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 4 ដែលមានស្ថេរភាពដំបូងគេនោះ មានលេខកូដ F900FXXU6GUL9 ដែលត្រូវបានគេរាយការណ៍ថា ទូរស័ព្ទមួយនេះមានប្រភពចេញពីអ្នកប្រើប្រាស់នៅក្នុងប្រទេសបារាំង ហើយថែមទាំងទទួលបានការអាប់ដេតប្រព័ន្ធសុវត្ថិភាពសម្រាប់ខែធ្នូ ឆ្នាំ២០២១ ទៀតផង។
ចំណែកឯកំណែអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 4 ដែលមានស្ថេរភាពសម្រាប់ទូរស័ព្ទម៉ូដែល Samsung Galaxy Note 10 វិញ យើងប្រទះឃើញចេញពីអ្នកប្រើប្រាស់ ដែលរស់នៅក្នុងប្រទេសស្វីស ដែលទទួលបានកំណែអាប់ដេតនេះដំបូងគេ សម្រាប់ម៉ូដែល Note 10 ដែលមានលេខកូដ N97xFXXU7GULD ជាមួយនឹងកំណែអាប់ដេតប្រព័ន្ធសុវត្ថិភាពដូចទៅនឹងទូរស័ព្ទ Samsung Galaxy Fold ដែរ៕
ប្រភព÷ GSMArena
Post a Comment