ក្រុមហ៊ុន Riot Games នឹងត្រូវចំណាយប្រាក់ប្រមាណជា 100 លានដុល្លារទៅលើបណ្តឹងនៃការរើសអើង និងការយារយីទៅលើបុគ្គលិកស្រី

ក្រុមហ៊ុនផលិតហ្គេម League of Legends និងហ្គេម Valorant បានឈានដល់កិច្ចព្រមព្រៀងទូទាត់ប្រាក់ជាសំណងប្រមាណជា 100 លានដុល្លារទៅលើបណ្តឹងនៃការរើសអើង និងការយារយីទៅលើបុគ្គលិកស្រី។ ក្នុងសំណងជាទឹកប្រាក់ 100 លានដុល្លារនោះ ក្រុមហ៊ុនត្រូវចំណាយប្រាក់យ៉ាងហោចណាស់ 80 លានដុល្លារដើម្បីសងជំនឿចិត្តទៅបុគ្គលិកដែលទទួលរងគ្រោះ និងសម្រាប់ប្រាក់ 20 លានដុល្លារទៀត គឺសម្រាប់បង់ទៅលើការផាកពិន័យទៅតាមផ្លូវច្បាប់ដែលបានកំណត់។ 

បើយោងតាមរបាយការណ៍ដែលធ្លាប់បានចេញផ្សាយដោយគេហទំព័រ Kotaku បានឱ្យដឹងថា បណ្តឹងមួយនេះត្រូវបានចាប់ផ្តើមប្តឹងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដែលប្តឹងដោយបុគ្គលិករបស់ក្រុមហ៊ុន Riot ទៅលើការបំពានពីបុគ្គលិកប្រុសអំពីការអត្ថាធិប្បាយដែលពាក់ព័ន្ធទៅលើរឿងផ្លូវភេទទៅកាន់បុគ្គលិកស្រី។ បន្ថែមពីនេះ នៅក្នុងបណ្តឹងមួយនោះក៏បានបង្ហាញពីការផ្តល់សិទ្ធិមិនស្មើគ្នា ដែលក្រុមហ៊ុនបានប្រព្រឹត្តចំពោះបុគ្គលិកស្រីផងដែរ។

ក្រុមហ៊ុន Riot បានយល់ព្រមទូទាត់លុយជាសំណងចំនួន 10 លានដុល្លារនៅក្នុងឆ្នាំ២០១៩ ប៉ុន្តែសំណើមួយនេះ ត្រូវបានបដិសេធដោយនាយកដ្ឋានការងារ និងលំនៅឋានយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា (DFEH) និងផ្នែកអនុវត្តស្តង់ដារការងារ (DLSE)។ នាយកដ្ឋានទាំងពីរនេះបាននិយាយថា ស្ត្រីដែលបម្រើការងារនៅក្នុងក្រុមហ៊ុននេះ អាចនឹងទទួលបានសំណងជាទឹកប្រាក់រហូតដល់ទៅ 400 លានដុល្លារ៕


ប្រភព÷ The Verge

Post a Comment

To Top