ទូរស័ព្ទ Realme GT2 Pro នឹងនាំមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 1TB

ក្រុមហ៊ុន Realme គ្រោងនឹងបញ្ចេញទូរស័ព្ទដៃស៊េរីថ្មីរបស់ខ្លួនម៉ូដែល GT2 Pro ជាមួយនឹងការបំពាក់បន្ទះឈីប Snapdragon 8 ជំនាន់ទី១ ដែលជាឈីបកំពូល។ 

បើយោងតាមគណនីទ្វីតធឺរបស់លោក Ishan Agarwal (គឺជាគណនីដែលគួរឱ្យទុកចិត្តមួយក្នុងការចែករំលែកព័ត៌មានដែលលេចធ្លាយ) បានបង្ហោះថា ទូរស័ព្ទជំនាន់ក្រោយរបស់ក្រុមហ៊ុន Realme (GT2 Pro) នឹងនាំមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យរហូតទៅដល់ 1000GB ឬស្មើនឹងទំហំ 1TB។

កាលពីមួយខែមុន ស្ថាបនិកក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Realme គឺលោក Sky Li បានបញ្ជាក់ថា ទូរស័ព្ទ Realme GT2 Pro នឹងក្លាយជាស្មាតហ្វូនលំដាប់កំពូលបំផុតប្រចាំក្រុមហ៊ុន Realme។

ថ្មីៗនេះ យើងទទួលបាននូវព័ត៌មានលេចធ្លាយមួយចំនួន ដោយទូរស័ព្ទ Realme GT2 Pro អាចនឹងបំពាក់មកជាមួយអេក្រង់ QHD+ AMOLED ដែលមានទំហំ 6.7 អុីញ និងមានល្បឿនអូសអេក្រង់ Refresh rate 120Hz។ បន្ថែមពីនេះ ទូរស័ព្ទ GT2 Pro អាចនឹងបំពាក់ប្រភេទរ៉េម LPDDR5 និងអាចទ្រទ្រង់ការសាកបញ្ចូលថាមពលថ្មរហូតទៅដល់កម្លាំង 125W ដែលក្រុមហ៊ុន Realme ហៅថា UltraDart charging ថែមទៀតផង៕


ប្រភព: GSMArena

Post a Comment

To Top