Realme GT 2 Pro នឹងក្លាយជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់បន្ទះឈីប Snapdragon 8 ជំនាន់ទី១
ទីបំផុត ក្រុមហ៊ុន Qualcomm បានធ្វើការដាក់បង្ហាញនូវបន្ទះឈីប Flagship chipset ជំនាន់ថ្មីរបស់ខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៍ Hawaii។ បន្ថែមពីនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Realme ក៏បានបង្ហើបផងដែរថា ទូរស័ព្ទដៃ Realme GT 2 Pro របស់ខ្លួននឹងបំពាក់ជាមួយនឹងបន្ទះឈីប Snapdragon 8 ជំនាន់ទី១ ដំបូងគេបំផុត។
ការប្រកាសខាងលើ គឺជាដំណឹងដ៏ល្អ និងគួរឱ្យភ្ញាក់ផ្អើលមួយ ដែលក្រុមហ៊ុន Realme នឹងបញ្ចេញទូរស័ព្ទដែលមានកម្លាំងខ្លាំងរបស់ខ្លួនដំបូងគេបង្អស់ ជាមួយនឹងបន្ទះឈីបកំពូលផងដែរ។ ក្រុមហ៊ុន Realmi បានបង្ហាញថា ខ្លួនពិតជាមានមោទនភាពណាស់ដែលបាននាំយកបន្ទះឈីបកំពូល មកបំពាក់លើទូរស័ព្ទដៃជំនាន់ថ្មីរបស់ខ្លួនបានមុនក្រុមហ៊ុនដ៏ទៃទៀត។
ចូលមកដល់ចំណុចក្តៅគគុកវិញ ប្រាកដណាស់ទូរស័ព្ទដៃ Realme GT 2 Pro នឹងភ្ជាប់មកជាមួយនឹងបន្ទះឈីបកំពូល Snapdragon 8 ជំនាន់ទី១ ជាមួយនឹងទំហំរ៉េម 12GB LPDDR5 និងអង្គផ្ទុកទិន្នន័យ UFS 3.1 រហូតទៅដល់ 512GB។ បើយោងទៅតាមព័ត៌មានបែកធ្លាយបានបង្ហាញថា Realme GT 2 Pro ទទួលបានពិន្ទុសរុបពី AnTuTU ប្រហែលជាជាងមួយលានពិន្ទុ។ បន្ថែមពីលើកម្លាំងម៉ាស៊ីនដ៏ខ្លាំងក្លានេះ ទូរស័ព្ទ Realme GT 2 Pro ត្រូវបានគេរំពឹងថានឹងអាចទ្រទ្រង់កម្លាំងសាករហូតទៅដល់ 120W តាមខ្សែសាកថែមទៀតផង៕
ប្រភព: GSMArena
Post a Comment