ហ្គេម PUBG: Battlegrounds នឹងដាក់ឱ្យលេងដោយឥតគិតថ្លៃក៏ប៉ុន្តែ...
ហ្គេម PUBG: Battlegrounds ដែលជាប្រភេទហ្គេម Survival បាញ់គ្នាដូចនៅក្នុងសមរភូមិ គឺជាហ្គេមដែលទទួលបានប្រជាប្រិយភាពខ្លាំងមួយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ហ្គេម PUBG នេះ ត្រូវបានដាក់ឱ្យលេងនៅក្នុងទូរស័ព្ទដៃដោយឥតគិតថ្លៃ ប៉ុន្តែសម្រាប់ PUBG: Battlegrounds ដែលជា Version កំុព្យូទ័រ តម្រូវឱ្យអ្នកលេងចំណាយប្រាក់ដើម្បីទាញយកវាមកលេងបាន។
ជាដំណឹងល្អសម្រាប់អ្នកគាំទ្រប្រភេទហ្គេម Survival មួយនេះ ហ្គេម PUBG: Battlegrounds នឹងធ្វើការដាក់ឱ្យទាញយក និងលេងដោយឥតគិតថ្លៃនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ ក៏ប៉ុន្តែសម្រាប់វគ្គលេង Rank អ្នកលេងនឹងតម្រូវឱ្យបង់ប្រាក់ ឬទិញហ្គេមពេញដើម្បីអាចលេងវាបាន។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន KRAFTON គឺលោក CH Kim បាននិយាយថា÷ “ហ្គេម PUBG: Battlegrounds គឺជាប្រភេទហ្គេមដែលទទួលបាននូវភាពជោគជ័យ និងការរីកចម្រើនយ៉ាងខ្លាំង ដែលមានអ្នកលេងមកពីជុំវិញពិភពលោក ហើយវាក៏ជាពេលវេលាដ៏សមស្របមួយដែរ ដែលយើងគ្រោងនឹងដាក់វាឱ្យលេងដោយឥតគិតថ្លៃ ដើម្បីធ្វើការស្វាគមន៍អ្នកលេងចំណូលថ្មី ឱ្យមកចូលរួមលេង និងទទួលយកបទពិសោធន៍ពីការលេងហ្គេមរបស់យើង”។
បើយោងតាម KRAFTON ដែលជាក្រុមហ៊ុនផលិតហ្គេម PUBG: Battlegrounds នេះផ្ទាល់ បាននិយាយថា ហ្គេមរបស់ខ្លួនមួយនេះទទួលបានចំនួនកូពីលក់ប្រមាណជាង 75 លានកូពី និងបើយោងតាមរបាយការណ៍ថ្មីៗនេះបានបង្ហាញថា ហ្គេម PUBG: Battlegrounds មានចំនួនអ្នកលេងជាមធ្យមស្មើនឹង 146,000 នាក់ ហើយនេះគិតរាប់តែនៅក្នុង Steam តែប៉ុណ្ណោះ៕
ប្រភព: Engadget
Post a Comment