Oppo Find N÷ ទូរស័ព្ទដែលមានអេក្រង់អាចបត់បានជាមួយនឹងកម្លាំងម៉ាស៊ីនខ្លាំង (Specs Review)
បន្ទាប់ពីរយៈពេលពីរថ្ងៃនៃការប្រកាសពីទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ខ្លួនរួចមក ពោលគឺនៅថ្ងៃទី១៧ ខែធ្នូ ក្រុមហ៊ុន Oppo បានប្រកាសដាក់ចេញលក់ជាផ្លូវការនូវទូរស័ព្ទដែលអាចបត់បានដំបូងបង្អស់របស់ខ្លួនគឺ Oppo Find N។ ទូរស័ព្ទអេក្រង់បត់ ធ្លាប់បានក្រុមហ៊ុន Samsung បញ្ចេញជាផ្លូវការបានមុនរួចមកហើយ ក៏ប៉ុន្តែសម្រាប់ទូរស័ព្ទអេក្រង់បត់ដែលផលិតចេញពីក្រុមហ៊ុនទូរស័ព្ទរបស់ប្រទេសចិនមួយនេះវិញ អាចនឹងផ្តល់បទពិសោធន៍ថ្មីទៅដល់អ្នកដែលធ្លាប់បានកាន់ប្រើទូរស័ព្ទដែលអាចបត់បានរបស់ក្រុមហ៊ុនផ្សេង។
ទូរស័ព្ទ Oppo Find N បំពាក់មកជាមួយអេក្រង់ AMOLED ចំនួនពីរ ដែលអេក្រង់គោលអាចបត់បាននោះមានទំហំ 7.10អុីញ ដែលមានកម្រិតបង្ហាញ 1792×1920px បូករួមជាមួយនឹងបច្ចេកវិទ្យា HDR10+ ដែលអំណោយផលដល់ការតាមដានទស្សនាវីដេអូ និងខ្សែភាពយន្តចេញពីអេក្រង់មួយនេះ។ បន្ថែមពីនេះ អេក្រង់មួយនេះក៏បំពាក់មកជាមួយនឹងល្បឿនអូសអេក្រង់ 120Hz ផងដែរ។ សម្រាប់អេក្រង់តូចខាងមុខវិញក៏ជាប្រភេទអេក្រង់ AMOLED ដែរ ដែលវាមានទំហំ 5.49អុីញ (ដែលស្មើនឹងទំហំអេក្រង់ទូរស័ព្ទធំល្មមមួយ ប្រសិនបើអ្នកមិនចង់បើកប្រើអេក្រង់ធំ) និងមានកម្រិតបង្ហាញ 988×1972 ដែលក្រាលបន្ថែមពីលើដោយអាវក្រោះការពារ Corning Gorilla Glass Victus ផងដែរ។
| រូបភាព÷GSMArena |
ចូលមកកាន់គ្រឿងខាងក្នុងនៃទូរស័ព្ទបត់មួយនេះវិញ ដោយទូរស័ព្ទ Oppo Find N បំពាក់មកជាមួយបន្ទះឈីប Qualcomm SM8350 Snapdragon 888 5G ដែលមានទំហំ 5mn ជាមួយនឹង GPU Adreno 660។ ចំពោះប្រព័ន្ធដំណើរការ ទូរស័ព្ទដែលអាចបត់បានមួយនេះដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើផ្ទៃប្រើប្រាស់ ColorOS 12 ដែលផលិតចេញពីផ្ទះរបស់ក្រុមហ៊ុន Oppo ផ្ទាល់។ ទូរស័ព្ទមួយនេះដែរនឹងនាំមកជាមួយជម្រើសកម្លាំងម៉ាសុីនចំនួនពីរជម្រើស ដែលជម្រើសទីមួយមានទំហំរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 256GB និងមួយជម្រើសទៀតមានទំហំរ៉េម 12GB និងអង្គផ្ទុកទិន្នន័យ 512GB UFS 3.1។
ក្រលែកមកមើលផ្នែកខាងក្រោយវិញ ទូរស័ព្ទ Oppo Find N បំពាក់មកជាមួយកញ្ចប់កាមេរ៉ាបីគ្រាប់ខាងក្រោយដែលមាន÷
_ លេនកាមេរ៉ាទំហំ 50 មេហ្កាភិចស៊ែល ជាកាមេរ៉ាគោល
_ លេនកាមេរ៉ាទំហំ 13 មេហ្កាភិចស៊ែល ជាលេន Telephoto ដែលថតហ្សូម optical បានពីរដង
_ និងលេនកូនពៅគេមានទំហំ 16 មេហ្កាភិចស៊ែល ជាលេន Ultra wide angle ដែលប្រើសម្រាប់ថតរូបភាពកោងខ្លាំង។ កញ្ចប់កាមេរ៉ាក្រោយនេះដែរអាចថតវីដេអូបានរហូតដល់ទៅកម្រិត 4K@30/60fps HDR ថែមទៀតផង។
ចំណែកឯកាមេរ៉ាស៊ែលហ្វីខាងមុខវិញ ទូរស័ព្ទអេក្រង់បត់មួយនេះបំពាក់មកជាមួយនឹងកាមេរ៉ាខាងមុខចំនួនមួយគ្រាប់ ដែលមានទំហំ 32 មេហ្កាភិចស៊ែល ដែលដើរតួជាកាមេរ៉ាគោលផង និងកាមេរ៉ា Wide សម្រាប់ថតរូបភាពទូលាយផង។ អ្នកក៏អាចប្រើប្រាស់កាមេរ៉ាខាងក្រោយសម្រាប់ថតស៊ែលហ្វីបានផងដែរ ដោយប្រើប្រាស់អេក្រង់ខាងមុខសម្រាប់មើលរូបភាពពេលកំពុងថត។
ចំពោះកម្លាំងថាមពលថ្មវិញ ទូរស័ព្ទ Oppo Find N បំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 4500mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 33W និងបើយើងតាមការប្រកាសរបស់ក្រុមហ៊ុន Oppo វាអាចបញ្ចូលទឹកវិញបាន 55% ដោយចំណាយពេល ៣០នាទី និងអាចបញ្ចូលបានពេញ 100% ដោយចំណាយពេលត្រឹមតែ ៧០នាទីប៉ុណ្ណោះ។ ទូរស័ព្ទមួយនេះដែរក៏អាចសាកថ្មដោយមិនប្រើខ្សែបានក្នុងល្បឿន 15W និងអាចសាកថ្មឱ្យឧបករណ៍ដែលអត់ប្រើខ្សែដ៏ទៃទៀត (Reverse Charging) បានរហូតដល់ទៅកម្លាំង 10W ថែមទៀតផង៕
ប្រភព÷ GSMArena
Post a Comment