Oppo Air Glass÷ វ៉ែនតាអេឡិចត្រូនិកឆ្លាតវៃដែលមានមុខងារច្រើន

បន្ទាប់ពីក្រុមហ៊ុន Google មិនមានការអាប់ដេតពីវ៉ែនតារបស់ខ្លួន (Google Glass) ចាប់តាំងពីឆ្នាំ២០២០មក ឥឡូវនេះក្រុមហ៊ុន Oppo បានចាប់យកចំណែកទីផ្សារតាមរយ:ការបញ្ចេញនូវវ៉ែនតាអេឡិចត្រូនិករបស់ខ្លួនដែលក្រុមហ៊ុន Oppo ឱ្យឈ្មោះថា Oppo Air Glass។

ដូចទៅនឹងវ៉ែនតារបស់ក្រុមហ៊ុន Google ដែរ វ៉ែនតា Oppo Air Glass ត្រូវបានរចនាឡើងដើម្បីផ្តល់ព័ត៌មានសាមញ្ញៗទៅដល់អ្នកប្រើប្រាស់ដូចជា ប្រាប់ពីទិសដៅផ្លូវនៅពេលជិះកង់ ប្រតិទិន ការហៅទូរស័ព្ទ ការបកប្រែ អាកាសធាតុ និងការតាមដានសុខភាពជាដើម ដោយមុខងារទាំងអស់នេះត្រូវបានក្រុុមហ៊ុន Oppo ឱ្យឈ្មោះថា “Assisted Reality”។ ដើម្បីអាចបញ្ជូនទិន្នន័យទៅកាន់កញ្ចក់វ៉ែនតាបាន ក្រុមហ៊ុន Oppo បានប្រើ Projector តូចមួយដើម្បីបញ្ចាំងទៅលើអេក្រង់ waveguide និង Projector នោះដែរមានទំហំស្មើទៅនឹងគ្រាប់កាហ្វេដែលក្រុមហ៊ុន Oppo បានឱ្យឈ្មោះវាថា “Spark Micro Projector”។

វ៉ែនតាឆ្លាតវៃ Oppo Air Glass ត្រូវបានបំពាក់មកជាមួយនឹងបន្ទះឈីប Qualcomm Snapdragon Wear 4100 ដែលយើងឃើញមានបំពាក់នៅលើនាឡិកាឆ្លាតវៃ Fossil និង TicWatch ដែរ។ បន្ថែមពីនេះ អ្នកអាចភ្ជាប់វ៉ែនតាឆ្លាតវៃនេះជាមួយនឹងទូរស័ព្ទដៃរបស់ក្រុមហ៊ុន Oppo (ដែលដំណើរការចាប់ពី ColorOS 11 ឡើងទៅ) ឬភ្ជាប់ជាមួយនឹងនាឡិកាដៃរបស់ក្រុមហ៊ុន Oppo ផ្ទាល់ក៏បាន ដើម្បីជាភាពងាយស្រួលក្នុងការអានសារដែលផ្ញើមក។


បើសិនបើអ្នកជាអ្នកនិយាយជាសារធារណៈ វ៉ែនតានេះអាចជាជំនួយជួយដល់អ្នកបាន ដោយអ្នកគ្រាន់តែបញ្ចូលអត្ថបទដែលអ្នកត្រូវនិយាយនៅក្នុងវ៉ែនតានេះ រួចកំណត់ទំហំអក្សរ និងកំណត់ពីល្បឿនលោតអក្សរនៅលើអេក្រង់វ៉ែនតារបស់អ្នកជាការស្រេច។ ក្រុមហ៊ុន Oppo ក៏កំពុងតែសាកល្បងនៅលើមុខងារបញ្ជាដោយកាយវិការដៃ តាមរយៈ Oppo Watch ផងដែរ៕


ប្រភព: Engadget


Post a Comment

To Top