ទូរស័ព្ទ OnePlus 10 Pro នឹងដាក់លក់នៅក្នុងខែមករា ឆ្នាំ២០២២ ខាងមុខនេះ

នៅព្រឹកនេះ ស្ថាបនិករបស់ក្រុមហ៊ុន OnePlus លោក Pete Lau បានបញ្ជាក់ថា ទូរស័ព្ទត្រកូល OnePlus 10 Pro នឹងធ្វើការមកដល់នៅក្នុងអំឡុងខែមករាខាងមុខនេះ។ ដំណឹងនេះត្រូវបានបង្ហោះឡើងដោយលោក Pete Lau ផ្ទាល់ នៅក្នុងគេហទំព័រ Weibo។

បើយោងទៅតាមប្រភពព័ត៌មានបែកធ្លាយ ទូរស័ព្ទ OnePlus 10 Pro នឹងបំពាក់មកជាមួយបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm គឺបន្ទះឈីប Snapdragon 8 ជំនាន់ទីមួយ។ បន្ថែមពីនេះ ទូរស័ព្ទ OnePlus 10 Pro អាចនឹងមានកាមេរ៉ាស៊ែលហ្វីខាងមុខទំហំ 32 មេហ្កាភិចស៊ែល ដែលជាលេនទម្លុះអេក្រង់ និងអាចបំពាក់មកជាមួយអេក្រង់ទំហំ 6.7 អុីញ LPTO QHD+ AMOLED និងបន្ថែមជាមួយល្បឿនអូសអេក្រង់ 120Hz ថែមទៀតផង។

សម្រាប់ម៉ូដែល 10 Pro អាចនឹងមានទំហំរ៉េម 12GB LPDDR5 និងអាចមានជម្រើសអង្គផ្ទុកទិន្នន័យ 128GB ឬ 256GB។ បើយោងតាមពាក្យចចាមអារ៉ាមបានបង្ហាញថា ទូរស័ព្ទត្រកូល 10 Pro របស់ក្រុមហ៊ុន OnePlus មួយនេះ អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh បូករួមជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 80W តាមរយៈខ្សែសាក និងកម្លាំង 50W សម្រាប់ការសាកឥតខ្សែផងដែរ។

ឥឡូវនេះ យើងបានដឹងហើយថាទូរស័ព្ទ OnePlus 10 Pro នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន នៅអំឡុងខែមករា ក៏ប៉ុន្តែសម្រាប់ទីផ្សារសកលវិញ ទូរស័ព្ទ OnePlus 10 Pro អាចនឹងមកដល់នៅក្នុងអំឡុងខែមេសា៕


ប្រភព: GSMArena

Post a Comment

To Top