ក្រុមហ៊ុន LG គ្រោងនឹងដាក់បង្ហាញបន្ទះអេក្រង់កោង OLED សម្រាប់ព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យា CES 2022
ក្រុមហ៊ុនផលិតបន្ទះអេក្រង់ LG Display មានគម្រោងក្នុងការបង្កើតបន្ទះអេក្រង់ OLED ដែលមានសភាពកោងខ្លាំងចំនួនពីរម៉ូដែល សម្រាប់ធ្វើការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យាខ្នាតធំ CES នៅក្នុងឆ្នាំ2022 ខាងមុខនេះ។
បន្ទះអេក្រង់ដំបូងនោះមានឈ្មោះថា Virtual Ride ដែលអេក្រង់មួយនេះ ត្រូវបានរចនាឡើងដោយភ្ជាប់មកជាមួយកង់អេឡិចត្រូនិកនៅនឹងមុខអេក្រង់ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការធាក់កង់ និងទស្សនាទស្សនិយភាពពីអេក្រង់ OLED ទំហំ 55អុីញ ដែលមានសភាពកោងពីផ្នែកខាងលើរហូតដល់ផ្នែកខាងក្រោមបាន។
សម្រាប់គំរូបន្ទះអេក្រង់ទីពីរ ក្រុមហ៊ុន LG បានឱ្យឈ្មោះវាថា Media Chair ដែលបន្ទះអេក្រង់កោង OLED ទំហំ 55អុីញមួយនេះ ភ្ជាប់មកជាមួយនឹងកៅអីនៅចំពីមុខអេក្រង់ ដែលអនុញ្ញាតឱ្យម្ចាស់របស់វា ធ្វើការអង្គុយទស្សនារូបភាព និងវីដេអូពីមុខអេក្រង់ផ្ទាល់តែម្តង។ កញ្ចក់អេក្រង់កោងនេះ ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Cinematic Sound OLED ដែលអនុញ្ញាតឱ្យបន្ទះអេក្រង់មួយនេះ ធ្វើការបញ្ចេញសម្លេងបានដោយផ្ទាល់ ដោយមិនត្រូវការឧបករណ៍សម្លេងបន្ថែមក្រៅនោះទេ។
សម្រាប់ព័ត៌មានបន្ថែម យើងមានតែចាំមើលនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ខាងមុខ ដែលជាថ្ងៃចាប់ផ្តើមនៃព្រឹត្តិការណ៍តាំងពិពណ៌បច្ចេកវិទ្យាខ្នាតធំ CES។
ប្រភព: Engadget
Post a Comment