LG Display បាននិយាយថាបច្ចេកវិទ្យា “OLED EX” ថ្មីរបស់ខ្លួន អាចជួយបង្កើនពន្លឺបន្ថែមបានដល់ទៅ 30%
ក្រុមហ៊ុន LG Display បានដាក់បង្ហាញនូវអេក្រង់ដែលប្រើប្រាស់បច្ចេកវិទ្យា OLED ជំនាន់ថ្មីរបស់ខ្លួនដែលក្រុមហ៊ុនឱ្យឈ្មោះថា “OLED EX” ដែលបច្ចេកវិទ្យាថ្មីមួយនេះ អាចជួយបង្កើនពន្លឺបានបន្ថែមរហូតដល់ទៅ 30% បើប្រៀបធៀបជាមួយនឹងអេក្រង់ OLED ធម្មតា។
ក្រុមហ៊ុន LG Display ក៏បានចង្អុលបង្ហាញពីភីកសែលរបស់អេក្រង់ OLED ដែលវាអាចបញ្ចេញពន្លឺបានដិតខ្លាំង និងជាពិសេសនោះគឺអេក្រង់ OLED អាចបង្ហាញទឹកពណ៌ខ្មៅបានដិតល្អជាងអេក្រង់ LED។ ប៉ុន្តែទន្ទឹមនឹងនេះដែរ អេក្រង់ OLED បច្ចុប្បន្នអាចបង្ហាញកម្រិតពន្លឺបានខ្ពស់បំផុតគឺត្រឹមតែពី 500 ទៅ 600 nits ប៉ុណ្ណោះ ខណៈពេលដែលអេក្រង់ LED អាចបង្ហាញកម្រិតពន្លឺបានរហូតដល់ទៅ 2,000 nits ឬខ្ពស់ជាងនេះ។
ដើម្បីអនុញ្ញាតឱ្យអេក្រង់ OLED អាចបង្កើនពន្លឺបានភ្លឺជាងមុន ក្រុមហ៊ុន LG Display បានប្រើប្រើប្រាស់បច្ចេកវិទ្យា OLED EX(Evolution/eExperience) ដែលវាប្រើប្រាស់សមាសធាតុ Deuterium ដែលអនុញ្ញាតឱ្យ Diodes អាចបញ្ចេញពន្លឺបានខ្លាំងជាងមុន។ ក្រុមហ៊ុន LG Display ក៏បានបន្ថែមផងដែរថា នៅពេលដែលសមាសធាតុ Deuterium មានស្ថេរភាពហើយ វាអាចធ្វើការបញ្ចេញពន្លឺបានភ្លឺជាងមុន ហើយវាក៏នៅតែរក្សានូវប្រសិទ្ធិភាពបានខ្ពស់ បើទោះបីជាបើកអេក្រង់ចោលក្នុងរយ:ពេលយូរក៏ដោយ។
បច្ចេកវិទ្យាថ្មី OLED EX នេះដែរ ក៏បានជួយបង្កើនឱ្យការបង្ហាញទឹកពណ៌បានត្រឹមត្រូវជាងមុនផងដែរ។ ជាក់ស្តែងវាប្រើប្រាស់នូវការដាក់បញ្ចូលគ្រាប់ OLED Diodes ប្រមាណជាជាង 33 លានទៅក្នុងអេក្រង់ដែលមានកម្រិតបង្ហាញ 8K ដូច្នេះ នៅពេលដែលអេក្រង់នោះបានទទួលចំនួន OLED Diodes បានគ្រប់គ្រាន់ហើយ វាអាចធ្វើការបង្ហាញនូវវីដេអូដែលបានចាក់នោះ បានច្បាស់ និងបង្ហាញកម្រិតទឹកពណ៌បានដិតជាងមុន៕
ប្រភព÷ Engadget
Post a Comment